អាជ្ញាធរខេត្តកណ្តសល ចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀប​រយ ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានតេជោ

(ខេត្តកណ្តាល)៖ បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានតេជោ មានបង​ប្អូន​ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះ​ប្រវត្តិ​សាស្ត្រនេះ ពិសេសនៅពេលយប់ តាមដងផ្លូវនានា ដែលនាំឱ្យមានការកក់ស្ទះ​ចរាច​រណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ កាលពីព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹក​នាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះសម្រួលចរាចរណ៍ រៀបចំ​សណ្ដា​ប់​ធ្នាប់ និងរបៀបរៀបរយ ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានតេជោ។

ក្នុងឱសាសចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ ដែលមកទស្សនាអាកាសយានដ្ឋានតេជោ ដែលជាព្រលានយន្តហោះប្រវត្តិ​សាស្ត្រនេះ សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកក​ស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរ​ជាតិឡើយ។ យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកប​ដោយសេចក្ដីថ្លៃថ្នូរ។

សូមបញ្ចាក់ផងដែរថា អាកាសយានដ្ឋានតេជោ បានបើកឱ្យដំណើរការ​ទទួលជើង​ហោះ​ហើរកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយអាកាសយនដ្ឋាន​នេះ​សាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រ​មា​ណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ លក្ខណៈសម្គាល់ដ៏សំខាន់​មួយរបស់អាកាស​យានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិត​ខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អា​កាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។

ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួល​អ្នកដំណើរ​បានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០ តោន។ វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ​ក្នុងចំណោម​មធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិ​សេស​​ឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំ​នាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បាន​ពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋាន កម្រិតអន្តរ​ជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើ​ដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់​គោល​ដៅ​មកកាន់កម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner