ហ្សេលែនស្គីថា លោកខាងលិចថា អសកម្ម ជុំវិញរុស្ស៊ីបំពានប៉ូឡូញ
កៀវ ៖ លោក ហ្សេលែនស្គី មេដឹកនាំអ៊ុយក្រែន បានស្តីបន្ទោសលោកខាងលិច ថា មិនបានធ្វើសកម្មភាពឆ្លើយតប ជុំវិញការរំលោភដែនអាកាសប៉ូឡូញ ពីសំណាក់រុស្ស៊ី។
ប្រធានាធិបតី ប្រទេសអ៊ុយក្រែន
លោក Volodymyr Zelensky កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា បានស្តីបន្ទោសធ្ងន់ៗ ដល់មេដឹកនាំលោកខាងលិច និង សកលលោក ចំពោះ “ការខ្វះខាត” ការឆ្លើយតប ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើដែនអាកាសប៉ូឡូញ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក ដែលទីក្រុង Warsaw បានបាញ់ទម្លាក់។
លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថា ប្រចាំថ្ងៃរបស់លោកថា “គួរតែមានសេចក្តីថ្លែងការណ៍ច្រើន ប៉ុន្តែ រហូតមកដល់ពេលនេះ មានកង្វះសកម្មភាព។ រុស្ស៊ីកំពុងសាកល្បងដែនកំណត់ នៃ អ្វីដែលអាចធ្វើទៅបាន… ពួកគេកំពុងសាកល្បងប្រតិកម្ម….ពួកគេកំពុងកត់ត្រាពីរបៀប ដែលកងកម្លាំងប្រដាប់អាវុធ នៃប្រទេសណាតូ ធ្វើសកម្មភាព»។
ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពី ប៉ូឡូញ បានអះអាងថា ជិតផ្ទុះសង្គ្រាមហើយ ក្រោយពេលប្រទេសជាសមាជិក ណាតូ មួយនេះ បានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី ដែលបានហោះចូលប្រទេសប៉ូឡូញ ចំពេលដ្រូនជាច្រើនគ្រឿងរបស់រុស្ស៊ី វាយប្រហារប្រទេសអ៊ុយក្រែន កាលពីដើមសប្តាហ៍៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត