ប៉ូឡូញថា ខ្លួនខិតជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយក្នុងថ្ងៃពុធថា ប្រទេសប៉ូឡូញបានខិតទៅជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្រោយរដ្ឋសមាជិកណាតូមួយនេះ បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ី ដែលហោះនៅលើទឹកដីរបស់ប្រទេសខ្លួន នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។

នាយករដ្ឋមន្ត្រីប៉ូឡូញរូបនេះ បានប្រាប់សភាថា មានការទន្រ្ទានចំនួន ១៩លើកចូលទៅក្នុងដែនអាកាសប៉ូឡូញ ក្នុងពេលពេញមួយយប់។ ការលុកលុយនេះបានបង្កើនភាពតានតឹងដែលកំពុងតែក្ដៅគគុករួចទៅហើយ បន្ទាប់ពីឧប្បត្តិហេតុយន្តហោះដ្រូនបែបនេះកាលពីមុន។

លោក Tusk និយាយថា ប៉ូឡូញបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៣គ្រឿងរួចហើយ ហើយក៏ប្រហែលជាបានបាញ់ទម្លាក់យន្តហោះដ្រូនគ្រឿងទី៤ផងដែរ។ លោកថា ស្ថានភាពនេះបាននាំឱ្យប៉ូឡូញខិតទៅជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ូឡូញ លោកស្រី Karolina Galecka និយាយថា ប៉ូឡូញបានតាមដានឃើញយន្តហោះដ្រូនចំនួន ៧គ្រឿង និងកម្ទេចកម្ទីពីមីស៊ីលមួយគ្រាប់។ អភិបាលក្រុងក្នុងតំបន់បានប្រាប់ទូរទស្សន៍រដ្ឋ TVP Info ថា យន្តហោះដ្រូន ឬវត្ថុស្រដៀងគ្នានេះ បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែងនៅតំបន់ Wyryki ភាគខាងកើតប៉ូឡូញ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសនោះទេ។

ទោះបីជាយ៉ាងណា ភាគីរុស្ស៊ីបានបដិសេធទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ដោយអ្នកការទូតជាន់ខ្ពស់មួយរូបនៅប្រទេសប៉ូឡូញ បាននិយាយថា យន្តហោះដ្រូនទាំងនោះបានហោះចេញពីប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នា ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសដែរថា យន្តហោះដ្រូនរបស់ខ្លួនបានធ្វើការវាយប្រហារដ៏ធំមួយលើមូលដ្ឋានយោធានៅភាគខាងលិចអ៊ុយក្រែន ប៉ុន្តែវាមិនមានគម្រោងវាយប្រហារគោលដៅណាមួយនៅក្នុងប្រទេសប៉ូឡូញឡើយ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner