លោក Lee Jae-myung ព្រមានថា ការចាប់ពលករកូរ៉េខាងត្បូង អាចប៉ះពាល់ការវិនិយោគនៅអាមេរិក

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយឆ្មក់ចាប់ជនអន្តោប្រវេសន៍ដ៏ធំមួយនៅក្នុងទីតាំងរោងចក្រ Hyundai-LG គឺជារឿង “ដ៏គួរឱ្យភ្ញាក់ផ្អើល” ដោយលោកព្រមានថា វាអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគរបស់កូរ៉េខាងត្បូងនៅអាមេរិកនាពេលអនាគត។

លោកប្រធានាធិបតី Lee បានរិះគន់ធ្ងន់ៗនូវអ្វីដែលលោកហៅថា ការវាយឆ្មក់លើ “ភាពខុសគ្នានៃវប្បធម៌” ដោយលោកចង់សំដៅថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ការរំលោភលើទិដ្ឋាការតិចតួចដោយជនជាតិអាមេរិកមិនត្រូវបានគេមើលឃើញថា ជា “បញ្ហាធ្ងន់ធ្ងរ” នោះទេ។

លោកថា បន្ទាប់ពីអាមេរិកចាប់ឃុំខ្លួនពលកររាប់រយនាក់ ទាំងដែលក្រុមហ៊ុនកូរ៉េខាងត្បូងមិនអាចសូម្បីតែជួយ ដូច្នេះទង្វើនេះនឹងបង្កើតបានជាសំណួរ តើការបង្កើតរោងចក្រនៅអាមេរិក ត្រូវប្រឈមមុខនឹងហានិភ័យដែរទេ។

ដូចនេះ វាអាចនឹងជះឥទ្ធិពលអវិជ្ជមានដ៏ធំទៅលើការសម្រេចចិត្តវិនិយោគនាពេលអនាគតរបស់កូរ៉េខាងត្បូង ជាពិសេសនៅពេលវាយតម្លៃលើលទ្ធភាពបើកប្រតិបត្តិការផ្ទាល់នៅសហរដ្ឋអាមេរិក។

ការព្រមានរបស់លោកប្រធានាធិបតី Lee កើតឡើងបន្ទាប់ពីពលករកូរ៉េខាងត្បូងប្រហែល ៣០០នាក់ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន រួមជាមួយនឹងមនុស្ស ១៧៥នាក់ផ្សេងទៀត នៅឯទីតាំងនៃគម្រោងក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន LG Energy Solution មានតម្លៃ ៤,៣ពាន់លានដុល្លារ ដែលជារោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា កម្មករកូរ៉េខាងត្បូងទាំងអស់ នឹងចាកចេញពីមណ្ឌលឃុំឃាំងតាមឡានក្រុង ហើយបន្តចាកចេញពីអាមេរិកតាមយន្តហោះ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការពន្យារពេល។

កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏រឹងមាំរបស់អាមេរិក ហើយក៏ជាអ្នកវិនិយោគធំមួយក្នុងប្រទេសមហាអំណាចពិភពលោកមួយនេះ ដោយក្រុមហ៊ុនកំពូលៗរបស់កូរ៉េខាងត្បូង បានចំណាយលុយដល់ទៅរាប់ពាន់លានដុល្លារទៅក្នុងការអភិវឌ្ឍន៍រោងចក្រ និងសហគ្រាសនៅក្នុងទឹកដីអាមេរិក៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner