អ្នកជំងឺដាក់បន្ទះឈីបខួរក្បាលរបស់មហាសេដ្ឋី Elon Musk កើនដល់ ១២នាក់

បរទេស ៖ ក្រុមហ៊ុន Neuralink របស់លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានប្រកាសថា បច្ចុប្បន្ន ខ្លួនមានអ្នកជំងឺ ទូទាំងពិភពលោក ចំនួន១២នាក់ ដែលទទួលបានការដាក់បញ្ចូលបន្ទះឈីប ទៅក្នុងខួរក្បាល គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ហើយ ចំនួននេះ បានកើនឡើងពីចំនួនត្រឹម ៧នាក់ កាលពីខែមិថុនា។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ កាលពីថ្ងៃទី១០ ខែកញ្ញា បានឲ្យដឹងថា ក្រុមអ្នកជំងឺទាំងនេះ ភាគច្រើន មានជំងឺពិការរាង្គកាយ ហើយ ការដាក់បន្ទះឈីបនេះ អនុញ្ញាតឲ្យពួកគេអាចគ្រប់គ្រងលើឧបករណ៍ឌីជីថលផ្សេងៗបាន តាមរយៈការគិត ដូចខួរក្បាលមនុស្សធម្មតា។ របាយការណ៍ របស់ក្រុមហ៊ុនបញ្ជាក់ថា អ្នកជំងឺទាំងនោះ បានប្រើប្រាស់ឧបករណ៍ឌីជីថល សរុប បានរយៈពេល ២,០០០ថ្ងៃ និង បានលើសពី ១៥,០០០ម៉ោង។

ក្រុមហ៊ុន Neuralink ក៏បានប្រកាសផងដែរថា នឹងចាប់ធ្វើតេស្ត លើបច្ចេកវិទ្យាបន្ទះឈីបខួរក្បាលនេះ ជាមួយនឹងមន្ទីរពេទ្យធំៗ នៅចក្រភពអង់គ្លេស ដូចជា University College London Hospitals និង Newcastle Hospitals។

កាលពីខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនក៏ទទួលបានទុនបន្ថែម ចំនួន ៦៥០លានដុល្លារ ដើម្បីពង្រឹងគម្រោងនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Neuralink បានចាប់ផ្តើមធ្វើតេស្តបន្ទះឈីបនេះ លើមនុស្ស នៅឆ្នាំ២០២៤ ពោលគឺ បន្ទាប់ពីបានជួបប្រទះបញ្ហាសុវត្ថិភាព និងការបដិសេធ ពីអាជ្ញាធរអាហារ និងឱសថអាមេរិក ហៅកាត់ FDA នៅឆ្នាំ២០២២៕

ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner