រុស្ស៊ី ថា អ៊ីស្រាអែលវាយប្រហារកាតា ជាការបំពានច្បាប់អន្តរជាតិ គំរាមកំហែងសន្តិភាព
មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា បានអះអាងថា ការវាយប្រហារតាមអាកាស លើទីក្រុង ដូហា ប្រទេសកាតា ដែលបានសម្លាប់មនុស្ស ៦នាក់ ពីសំណាក់ប្រទេសអ៊ីស្រាអែល បានបំពានច្បាប់អន្តរជាតិ និង គំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានថ្កោលទោសអ៊ីស្រាអែល ជុំវិញសកម្មភាពយោធាទាំងនេះ ដោយអះអាងថា ជាការរំលោភធម្មនុញ្ញ អង្គការសហប្រជាជាតិ។
ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា ការវាយប្រហារនេះ បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ការដោះស្រាយ ដោយសន្តិវិធី រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់។
គួររម្លឹកថា អ៊ីស្រាអែលបានវាយប្រហារ លើអគារលំនៅឋានមួយកន្លែង ក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា កាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា ក្នុងប្រតិបត្តិការមួយ ដែលមានយន្តហោះចម្បាំង ប្រហែល១៥គ្រឿង និងកាំជ្រួច យ៉ាងតិច ១០គ្រាប់។
ការវាយឆ្មក់បានសម្លាប់ សមាជិកក្រុមហាម៉ាស់ជាច្រើននាក់ រួមទាំងកូនប្រុស របស់មន្ត្រីជាន់ខ្ពស់ ផងដែរ។ កងទ័ពអ៊ីស្រាអែល បានអះអាងថា ជាការវាយប្រហារ សំដៅលើមេដឹកនាំនយោបាយ របស់ក្រុមនេះ។ តែ
ក្រុម ហាម៉ាស់ បាននិយាយថា មេដឹកនាំកំពូលបានរួចផុត ពីអ្វីដែលខ្លួនហៅថា ការប៉ុនប៉ងធ្វើឃាត ប្រឆាំងនឹងអ្នកដឹកនាំចរចា ស្វែងរកដំណោះស្រាយ បញ្ចប់សង្គ្រាម នៅហ្គាហ្សា។
ក្រសួងការបរទេសរុស្ស៊ី ចាត់ទុក កាតា ជាប្រទេសដើរតួនាទីសម្រុះសម្រួលដ៏សំខាន់ ក្នុងកិច្ចចរចា ដោយប្រយោល រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ស្តីពីការបញ្ចប់សង្រ្គាម ជិតពីរឆ្នាំ នៅហ្គាហ្សា និង ការធានាការដោះលែងចំណាប់ខ្មាំង ដូច្នេះ ការវាយប្រហាររបស់អ៊ីស្រាអែល អាចជាការប៉ុនប៉ងធ្វើឱ្យខូច ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ។ ទីក្រុងមូស្គូ បានជំរុញឱ្យភាគីទាំងអស់ ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងជៀសវាង ជំហានណាដែលអាចធ្វើឲ្យជម្លោះ កាន់តែកើនឡើង៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត