រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្តេជ្ញាសហការជិតស្និតជាមួយទូតបារាំងថ្មី ដើម្បីបន្តពង្រឹងពង្រីកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត
(ភ្នំពេញ)៖ កម្ពុជា និងបារាំង ពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យរួមមាន វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុជាដើម ។
ការបង្ហាញក្តីពេញចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមឧបនា យករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសនោះ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តម Oliver RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា និងឯកឧត្តមបានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូរនេះឈរលើមូលដ្ឋានប្រវត្តិ សាស្រ្តរួម និងការជឿជាក់គ្នាទៅវិញទៅមក ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់អះអាងនូវការប្តេជ្ញាចិត្តមុតមាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសហការយ៉ាងជិតស្និតជាមួយឯកអគ្គ រដ្ឋទូតបារាំងថ្មី ដើម្បីបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីបន្តសមិទ្ធិផលរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិមុនៗ ។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានលើកឡើងអំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៃកិច្ចសន្ទនាកម្រិតខ្ពស់ ជាពិសេសជំនួបពិភាក្សាប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពមហាសមុទ្រ នៅទីក្រុងនីស កាលពីខែមិថុនា កន្លងមក ។
ចំពោះសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់បារាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង អំពីវឌ្ឍនភាពទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ


