ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំកម្ពុជា បញ្ជាក់ពីគោលជំហរ នៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយ កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការពេញចិត្តពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលកម្ពុជា ដូចជាកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតជាដើម ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បារាំង បញ្ជាក់បែបនេះ នារសៀលថ្ងៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអរគុណដល់ប្រជាជន និងរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំង ប្រចាំកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈជំនួយបច្ចេកទេសអ្នកជំនាញការបារំាង គម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ និងអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សោមន្សរីករាយ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦ ដោយនឹងសហការរៀបចំយ៉ាងជិតសិទ្ធជាមួយភាគីមិត្តបារាំង។ នេះជាវេទិកាឱកាសដ៏ពិសេស ដើម្បីបង្ហាញពីវឌ្ឍនភាព និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដល់ពិភពលោក ជាពិសេសបណ្តាប្រទេសដែលជាសមាជិកហ្រ្វង់កូហ្វូនី ប្រើប្រាស់ភាសាបារាំង។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ប្រជាជន និងរដ្ឋាភិបាលបារាំង ជាពិសេសតាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្រយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែង និងជាបន្តរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ទាំងផ្នែកសាធារណៈ និងឯកជន ក្នុងវិស័យសុខាភិបាល និងរួមចំណែកកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល កម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner