មេអ៊ីស្រាអែលប្តេជ្ញាមិនឲ្យមានរដ្ឋប៉ាឡេស្ទីន ដាច់ខាត

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា បានប្តេជ្ញាថា នឹងមិនមានរដ្ឋប៉ាឡេស្ទីន ជាដាច់ខាត។

លោក Benjamin Netanyahu បាននិយាយបែបនេះ នៅក្នុងពិធី ចុះហត្ថលេខា លើគម្រោងការតាំងទីលំនៅ ដ៏សំខាន់មួយ នៅតំបន់ West Bank។ លោក Netanyahu អះអាងថា «យើងនឹងបំពេញ តាមការសន្យារបស់យើងថា នឹងមិនមានរដ្ឋ ប៉ាឡេស្ទីន ទេ កន្លែងនេះជារបស់យើង..យើងនឹងការពារបេតិកភណ្ឌរបស់យើង ដីរបស់យើង និងសន្តិសុខ របស់យើង»។

អ៊ីស្រាអែលមានមហិច្ឆតាយូរមកហើយ ក្នុងការសាងសង់ លើដីទំហំ ប្រហែល ១២ គីឡូម៉ែត្រការ៉េ នៅតំបន់ West Bank ដែលគេស្គាល់ថា E1 ប៉ុន្តែ ផែនការនេះ ត្រូវបានជាប់គាំងអស់ ជាច្រើនឆ្នាំ នៅចំពោះមុខការប្រឆាំង ពីអន្តរជាតិ។

កាលពីខែមុន រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុល របស់អ៊ីស្រាអែល លោក Bezalel Smotrich បានគាំទ្រផែនការសាងសង់ផ្ទះ ប្រហែល ៣,៤០០ខ្នង នៅលើដី ដែលងាយរងគ្រោះបំផុត។ តែ សេចក្តីប្រកាសនេះ ត្រូវបានថ្កោលទោស ដោយប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបាននិយាយថា ដំណោះស្រាយបែបនេះ នឹងធ្វើឱ្យតំបន់ West Bank ដាច់ជាពីរ និងបង្កជា “ការគំរាមកំហែងដែលមានស្រាប់” ដល់រដ្ឋប៉ាឡេស្ទីន ដែលជាប់គ្នា។

ការតាំងទីលំនៅទាំងអស់ របស់អ៊ីស្រាអែល នៅតំបន់ West Bank ដែលខ្លូនចូលកាន់កាប់ តាំងពីឆ្នាំ ១៩៦៧ ត្រូវបានចាត់ទុកថា ជាទង្វើខុសច្បាប់ បើផ្អែកតាមច្បាប់អន្តរជាតិ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner