វគ្គគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ ផ្តល់ឱកាសដល់គ្រូបង្វឹកបង្កើនចំណេះដឹង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលគ្រូជំនាញអាអេរ៉ូប៊ិក កម្រិត១ ពីថ្ងៃទី១០-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំងជាឱកាសដ៏ល្អ ក្នុងការបង្កើនចំណេះដឹង និងការកែលម្អមួយចំនួនធំដល់គ្រូបង្វឹក បូករួមទាំងការបោះជំរំហ្វឹកហាត់របស់កីឡាករ កីឡាការិនីដោយផ្ទាល់ ក្នុងវគ្គដ៏មានសារៈសំខាន់មួយនេះ។

ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូឧទ្ទេសប្រចាំវគ្គបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូជំនាញអាអេរ៉ូប៊ិក កម្រិត១នេះមានគ្រូបង្វឹក ២២នាក់ (ស្រ្តី ៨នាក់) និងកីឡាករ កីឡាការិនី២៥នាក់។ វគ្គបណ្តុះបណ្តាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១នេះត្រូវបានរៀបចំឡើងដោយដាក់បញ្ជូលមេរៀនទេពកោសល្យកីឡាវ័យក្មេងបូកនឹងការបោះជំរំហ្វឹកហាត់។

ឯកឧត្តមអគ្គលេខាធិការ និងជាគ្រូឧទ្ទេសរូបនេះបន្ថែមថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃដំបូងនេះ ឯកឧត្តមសង្កេតឃើញថា លោកគ្រូ អ្នកគ្រូទាំងអស់បានយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេស។ អ្វីដែលពិសេសសហព័ន្ធបានដាក់បញ្ជូលកីឡាករ កីឡាការិនីចូលរួមបោះជំរំហ្វឹកហាត់ ក្នុងវគ្គបណ្តុះបណ្តាលនេះរហូតដល់២៥នាក់។ ដូច្នេះសិក្ខាកាមទាំងអស់មានកិច្ចការងារច្រើន ក្នុងការអនុវត្តផ្ទាល់ជាមួយកីឡាករ កីឡាការិនី ដើម្បីជ្រើសរើសធនធានកីឡាករ កីឡាការិនីដែលមានទេពកោសល្យល្អៗ រក្សាទុកត្រៀមចូលរួមប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាពេលខាងមុខនេះ ក៏ដូចជាត្រៀមទុកបញ្ជូលក្នុងក្រុមជម្រើសជាតិថ្នាលយុវជន នាពេលខាងមុខផងដែរ។

កត់សម្គាល់បន្ថែមពីលើនេះ ឯកឧត្តម ណយ ផាណា សង្កត់ធ្ងន់ថា ជារួម វគ្គបណ្តុះបណ្តាល ដែលកំពុងដំណើរការនេះ គឺលោកគ្រូ អ្នកគ្រូជាសិក្ខាកាមមានការយកចិត្តទុកដាក់ខ្ពស់ និងពេញចិត្តខ្លាំងចំពោះវគ្គនេះ ហើយអ្វីដែលពិសេសគឺកីឡាករ កីឡាការិនីវ័យក្មេងក៏ចាប់អារម្មណ៍ខ្លាំងដែរ ក្នុងការទទួលយកនូវការពន្យល់ណែនាំពីគ្រូឧទ្ទេស និងគ្រូជំនួយអំពីការចែករំលែកចំណេះជំនាញ និងការកែតម្រូវមួយចំនួនស្របតាមសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ។

គួរបញ្ជាក់ថា វគ្គនេះផ្ដោតលើ Academy Level I, National Development Youth MAG, Training Camp and Talent Identification ដែលមានមេរៀនកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករវ័យក្មេង និង ការបោះជំរំហ្វឹកហាត់។ បច្ចុប្បន្ននេះ សហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិក៏មានការកែតម្រូវមួយចំនួនធំទៅលើ Academy Level I ខណៈអាទីស្ទិកមានការកែតម្រូវដូចគ្នា។ ដូច្នេះនេះជាការចែករំលែកដ៏សំខាន់ក្នុងវគ្គគ្រូបង្វឹកថ្នាក់ជាតិ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner