ឯកឧត្ដម ឃួង ស្រេង ព្រមទាំងក្រុមប្រឹក្សា រាជធានីភ្នំពេញ អញ្ជើញរាប់បាត្រ បង្សុកូល ក្នុងពិធីកាន់បិណ្ឌវេនទី៥នៅវត្តលង្កាកុសមារាម
(ភ្នំពេញ)៖ ឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី១២ កញ្ញានេះ បានដឹកនាំក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខនិងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយ។ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ក្នុងនោះក៏បានធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី៥ នាព្រឹកថ្ងៃទី១២ កញ្ញានេះដែរ ឯកឧត្ដម ឃួង ស្រេង និង លោកជំទាវក៏បានវេប្រគេនព្រះសង្ឃ នូវទេយ្យវត្ថុ និង គ្រឿងឧបភោគបរិភោគ ជាច្រើន ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តលង្កាកុសមារាមនេះថែម ៕







ដោយ ៖ ហេង សម្បត្តិ. + ថេត វិចិត្រ