តំណាងថ្មី UNDP ប្រចាំកម្ពុជា ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ក្នុងបំណងដើម្បីផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង UNDP ខណៈដែលលោកទើបត្រូវបានតែងតាំងថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងជាតំណាងថ្មីដោយបានកោតសរសើរចំពោះភាពជាដៃគូរបស់ UNDP ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ពីសមិទ្ធផលដែលស្ថាប័នទាំងពីរ បានសម្រេចកន្លងមក និងកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដំណើរការ ក៏ដូចជាការស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដើម្បីជំរុញវឌ្ឍនភាពក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អេនរីកូ ហ្គាវេលីយ៉ា បានបានលើកឡើងនូវការប្តេជ្ញាចិត្តនៃស្ថាប័នរបស់លោកក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្នក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ UNDP ហើយជឿជាក់ថា UNDP គឺជាដៃគូយ៉ាងជិតស្និទ្ធរបស់កម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការជំរុញឲ្យមានការអភិវឌ្ឍបន្ថែមទៀតនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner