ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំទំនប់ធំ ជួបសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ រួមជាមួយ លោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល ចុះសាកសួរសុខទុក្ខពលករដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមករស់ស្រុកកំណើតនៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ពលករដែលបានវិលត្រឡប់ពី ប្រទេសថៃ មកកាន់ស្រុកកំណើតនៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ មកកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព, មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរពាក់ព័ន្ធ ក៏បានសម្របសម្រួល ស្វែងរកបានការងារធ្វើភ្លាមៗជូនពួកគាត់ នៅមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ដែលអនុញ្ញាតឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត និងបានរស់នៅជួបជុំគ្រួសារ ផងដែរ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល និងលោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ បានដឹកនាំក្រុមការងារ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេន ៥ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះពុទ្ធពរ និង វត្តលក្ខណារាម ហៅវត្តដំបូកមានលក្ខណ៍ ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណខន្ត វីរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឱ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner