ប្រជាជនប្រេស៊ីលអបអរការកាត់ទោសអតីតប្រធានាធិបតី ជាប់គុក២៧ឆ្នាំ
ប្រាស៊ីលីយ៉ា ៖ ប្រជាជនប្រេស៊ីលបានអបអរសាទរ ខណៈដែលអតីតប្រធានាធិបតី លោក បល់សូណារ៉ូ ត្រូវបានកាត់ទោស ឱ្យជាប់គុក ២៧ឆ្នាំ ជុំវិញការធ្វើរដ្ឋប្រហារ។
ប្រជាជនក្នុងទីក្រុង ប្រាស៊ីលីយ៉ា កាលពីថ្ងៃទី១១ ខែកញ្ញា បានអបអរការសម្រេច របស់តុលាការកំពូល ក្នុងការកាត់ទោសអតីតប្រធានាធិបតី លោក Jair Bolsonaro ឱ្យជាប់គុក ២៧ ឆ្នាំ ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ។ នៅទូទាំងប្រទេស ប្រជាជនប្រេស៊ីលបានតាមដានដាន ដំណើរការនីតិវិធី នៅលើទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងនោះ បានផ្ទុះការអបអរសាទរ បន្ទាប់ពីលោក ត្រូវបានកាត់ទោស។
អ្នកអបអរម្នាក់ ប្រកបរបរ ជាអ្នកបកប្រែ ឈ្មោះ Virgilio Soares អាយុ ៤៦ឆ្នាំ បាននិយាយថា «បន្ទាប់ពីការរង់ចាំជាយូរ នៅទីបំផុត បុគ្គល ដែលគួរឱ្យស្អប់ខ្ពើម រូបនេះ នឹងត្រូវបញ្ជូនទៅពន្ធនាគារ» ។
លោក Bolsonaro គឺជាអតីតប្រធានាធិបតីប្រេស៊ីល ទីបួន ដែលត្រូវបានកាត់ទោស ចាប់តាំងពីការវិលត្រឡប់ ទៅកាន់លទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ១៩៨៥ បន្ទាប់ពី បញ្ចប់របបផ្តាច់ការយោធា រយៈពេលពីរទសវត្សរ៍។
លោក Bolsonaro ត្រូវបានគេរកឃើញថា មានពិរុទ្ធ ពីបទញុះញង់ឱ្យមានអំពើហិង្សា ឆ្នាំ២០២៣ វាយលុក លើតុលាការកំពូល, វិមានប្រធានាធិបតី និងសភា ក្នុងទីក្រុង ប្រាស៊ីលីយ៉ា ដោយមានអ្នកគាំទ្ររាប់រយនាក់ ពោលគឺ នៅមួយសប្តាហ៍ បន្ទាប់ពី លោក Luiz Inacio Lula da Silva មេដឹកនាំថ្មី បានឡើងកាន់តំណែង ជាផ្លូវការ។
យ៉ាងណាមិញ ក៏មានអ្នកគាំទ្រ រូបលោក Bolsonaro ផងដែរ ដោយបានអះអាងថា ជាការកាត់ទោសដោយអយុត្តធម៌៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
