ប៉ូឡូញចាប់ដៃអ៊ុយក្រែនអភិវឌ្ឍន៍ប្រព័ន្ធប្រឆាំងដ្រូន ក្នុងពេលតានតឹងជាមួយរុស្ស៊ី
វ៉ាសូវី ៖ ប្រទេស ប៉ូឡូញ បានប្តេជ្ញាសហការ ជាមួយអ៊ុយក្រែន លើការអភិវឌ្ឍប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ក្នុងពេលមានភាពតានតឹង ជាមួយរុស្ស៊ី។
នាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Donald Tusk មានប្រសាសន៍ កាលពីថ្ងៃទី១១ ខែកញ្ញា ថា ប្រទេសប៉ូឡូញ នឹងសហការ ជាមួយអ៊ុយក្រែន លើប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក បន្ទាប់ពីការចោទប្រកាន់ របស់ទីក្រុងវ៉ាសូវី ថា ទីក្រុងម៉ូស្គូ បានបើកការវាយឆ្មក់ ដោយយន្តហោះគ្មានមនុស្សបើក នៅលើទឹកដី របស់ខ្លួន។
លោកTusk បន្ថែមថា «ប្រព័ន្ធរបស់អ៊ុយក្រែន គឺល្អបំផុត នៅក្នុងវិស័យនេះ»។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានព្រមាន កាលពីថ្ងៃពុធថា ការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក បានបង្ហាញពីការកើនឡើងនៃភាពតានតឹង ដែលមិនធ្លាប់មានពីមុនមក ជាមួយរុស្ស៊ី។
លោក Tusk បានអំពាវនាវ ឲ្យមានកិច្ចប្រជុំ របស់អង្គការ NATO ដោយលើកយក មាត្រាទី៤ នៃសម្ព័ន្ធយោធាអន្តរជាតិ ទាំងនេះ ដែលសមាជិកអាចកោះប្រជុំ ជាបន្ទាន់ ខណៈដែលខ្លួនមានអារម្មណ៍ថា «បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ឬ សន្តិសុខ» របស់ប្រទេសនេះ ស្ថិតក្នុងហានិភ័យ។
លោក អះអាងទៀតថា ប៉ូឡូញចាប់ផ្តើមសើរើពីការចូលជាសមាជិក ណាតូ ក្រោយពេលដែល សម្ព័ន្ធយោធាមួយនេះ មិនអើពើ រឿងរុស្ស៊ីបំពានដែនអាកាស។ មូលដ្ឋានគ្រឹះ នៃ អង្គការ ណាតូ គឺជាគោលការណ៍ ដែលថា ការវាយប្រហារលើសមាជិកណាមួយ ត្រូវបានចាត់ទុកថា ជាការវាយប្រហារ លើសមាជិកទាំងអស់ របស់ណាតូ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត