ខ្មាន់កាំភ្លើង ថា មិនចូលចិត្តទស្សនៈរបស់ជំនិតលោកត្រាំ

វ៉ាស៊ីងតោន ៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ ជំនិតរបស់លោក ដូណាល់ ត្រាំ ធ្លាប់ប្រាប់គ្រួសារថា គេមិនចូលចិត្តទស្សនៈ របស់សកម្មជនអភិរក្សនិយម រូបនេះ ខណៈ ដែលបច្ចុប្បន្ន រូបគេត្រូវបានចាប់ឃុំខ្លួន រង់ចាំការស៊ើបអង្កេតបន្ត។

យោងតាមការចុះផ្សាយ របស់ BBC ខ្មាន់កាំភ្លើង ឈ្មោះ Tyler Robinson អាយុ២២ឆ្នាំ ដែលបានបាញ់សម្លាប់ លោក Charlie Kirk គឺជាអ្នក ដែលរស់នៅក្នុងរដ្ឋ Utah ជាទីតាំងកើតហេតុ ហើយគេបានរស់នៅ ជាមួយឪពុកម្តាយ ជាយូរមកហើយ នេះបើតាមអាជ្ញាធរ។

ឪពុករបស់ លោក Robinson បានលើកទឹកចិត្ត ឲ្យគេសហការជាមួយមន្ត្រីអនុវត្តច្បាប់ ហើយ ឪពុកបានទាក់ទង មិត្តភក្តិ ក្រុមគ្រួសារ ស្វែងរក និង បានជូនដំណឹងទៅការិយាល័យតម្រួត។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រ ដែលប្រកាសពីការចាប់ខ្លួន មន្ត្រី FBI បានបដិសេធ មិនពិភាក្សាអំពីប្រវត្តិរបស់ Robinson ជុំវិញ ទំនោរនយោបាយ ឬ ហេតុផល ដែលអាចកើតមាន ដោយនិយាយថា ការស៊ើបអង្កេតកំពុងបន្ត។

ប៉ុន្តែ អភិបាលរដ្ឋ Utah លោក Spencer Cox បាននិយាយថា សមាជិកគ្រួសារម្នាក់ ដែលត្រូវបានសម្ភាសន៍ ដោយក្រុមអ្នកស៊ើបអង្កេត បាននិយាយថា Robinson បានក្លាយជា មនុស្សចូលចិត្តនយោបាយ កាន់តែខ្លាំង នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សាច់ញាតិ ក៏បាននិយាយផងដែរថា ក្នុងអំឡុងពេលសន្ទនា អាហារពេលល្ងាច មុនពេលការវាយប្រហារ លោក Robinson ក៏បានពិភាក្សាអំពីព្រឹត្តិការណ៍ នាពេលខាងមុខ របស់ លោក Kirk នៅសាកលវិទ្យាល័យ Utah Valley ទៀតផង នេះបើយោងតាម លោក Spencer Cox។

លោក Cox បាននិយាយ ដោយសំដៅលើការសន្ទនាថា «ជាការនិយាយអំពីមូលហេតុ ដែលមិនចូលចិត្តលោក Kirk និងទស្សនៈ ដែលគាត់មាន» ។

ពេលនេះ Robinson ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១២ ខែកញ្ញា នៅតែស្ថិតក្នុងការឃុំឃាំង ខណៈដែលរដ្ឋអាជ្ញា រៀបចំការចោទប្រកាន់ ជាផ្លូវការ។ ការស៊ើបអង្កេត លើសាវតា ការជម្រុញ និង ទំនាក់ទំនងសក្តានុពលរបស់លោក ក្នុងរឿងនេះ នៅតែបន្តធ្វើ ជាអ្វីដែលក្រុមមន្ត្រី ចាត់ទុកជាការសម្លាប់ អ្នកពាក់ព័ន្ធនយោបាយដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក នាពេលថ្មីៗនេះ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner