គ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសាររស់នៅលើដីសម្បទានសង្គមកិច្ចបានទទួលអំណោយពីអភិបាលខេត្តកំពង់ធំ

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ ដែលកំពុងរស់នៅផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីស្ថិតនៅក្នុងភូមិដែលអតីតយុទ្ធជនប្រសិទ្ធិនាមថា មរតកតេជោធិបតីថ្លុកព្រីង ក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងសកម្មភាពកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតីនិងលោកជំទាវ បណ្ឌិតតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនគ្រប់ពេលវេលា ។

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ដែលបានដឹកនាំរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មី២០៦ ខ្នងផ្ទះ រៀបចំភូមិឋាន មមានប្រព័ន្ធអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនដល់អតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ និងរស់នៅលើដីសាធារណៈ ២០៦ គ្រួសារ នាពេលកន្លងមកនៅខេត្តកំពង់ធំ ។

ដោយឡែកអំណោយដែលផ្តល់ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមាន អង្ករ មី និងឃីតមួយកញ្ចប់ ៕
ដោយ:ប៊ុន រដ្ឋា

ads banner