អង្គការ AHF លើកទឹកចិត្តក្រុមយុវជនប្រឈមមកទទួលសេវាពិនិត្យព្យាបាលជំងឺកាមរោគ
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាដែលហៅកាត់ថាAHFបានលើកទឹកចិត្តដល់ក្រុមយុវជនប្រឈមដែលរួមមានស្ត្រីបម្រើការកំសាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នានិងក្រុមបំលែងភេទមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺកាមរោគខណៈបច្ចុប្បជំងឺនេះកំពុងមានការកើនឡើងខ្ពស់ពិសេសទៅលើយុវជន។

ថ្លែងក្នុងប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី១៣កញ្ញានេះនៅមណ្ឌលថែរក្សាសុខភាព ទួលគោករបស់ AHF ដែលមានទីតាំងផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោក វេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា«យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនអ្នកសារព័ត៌មាននូវឱកាសមួយដើម្បីទស្សនាគ្លីនិកពិនិត្យ និងព្យាបាលកាមរោគរបស់យើង ចូលរួមដោយផ្ទាល់ជាមួយអតិថិជន និងបានឃើញដោយផ្ទាល់នូវសេវាកម្មដែលមានឥទ្ធិពលដែលយើងផ្តល់ជូន» ។

លោកវេជ្ជបណ្ឌិត បានបន្តថាជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល ១០០% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្មរបស់យើង រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគ យើងផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាបច្ចុប្បន្នអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបានសហការជាមួយក្រសួងសុខាភិបាល ផ្តល់ការថែទាំ និងព្យាបាលមេរោគអេដស៍ដល់អតិថិជនដែល កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ ២០០៥ នៅពេលដែល AHF Cambodia បានចាប់ផ្តើមកម្មវិធីដំបូងរបស់ខ្លួនជាមួយក្រសួងសុខាភិបាល ហើយបានពង្រីកសេវាកម្មបន្តិចម្តងៗជាមួយភ្នាក់ងារថែទាំសុខភាពផ្សេងទៀត។

តាមរយៈកម្មវិធីផ្សេងៗដែលគាំទ្រ AHF Cambodia មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការព្យាបាល និងថែទាំអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅមន្ទីរពេទ្យរដ្ឋាភិបាល លើកកម្ពស់ការធ្វើតេស្តមេរោគអេដស៍ក្នុងសហគមន៍ និងការប្រើប្រាស់ស្រោមអនាម័យ និងការពារមេរោគអេដស៍ ជាពិសេសក្នុងចំណោមប្រជាជនសំខាន់ៗ និងក្រុមដែលប្រឈមមុខខ្ពស់ច្រើនបំផុតផ្សេងទៀត។

លោកវេជ្ជបណ្ឌិត បានស្នើសុំឱ្យអ្នកសារព័ត៍មានជួយផ្សព្វផ្សាយស្តីពីជំងឺអេដស៍និងជំងឺកាមរោគឱ្យបានផុសផុសបន្ថែមទៀតទាក់ទិននឹងបញ្ហាប្រឈមនិងភាពជោគជ័យដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពិសេសក្រុមប្រឈមស្ត្រីបម្រើការកំសាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នាវ័និងក្រុមបំលែងភេទមកទទួលសេវាឱ្យបានទាន់ពេល ដើម្បីរក្សាសុខភាពបានល្អប្រសើរឈានទៅរកការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៣០ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ម៉ាសួនសុភក្ត័ ប្រធានគ្រប់គ្រងមណ្ឌលរក្សាសុខភាពបានមានប្រសាសន៍ថាក្រុមយុវវ័យដែលប្រឈមអាចអញ្ជើញមកទទួលសេវានៅ មណ្ឌលរក្សាសុខភាពដែលបង្កើតឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គាំទ្រដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគបម្រើសេវាចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៦ល្ងាច៧ថ្ងៃក្នុង១សប្តាហ៍មិនមានសម្រាកទេដោយមានបុគ្គលិកប្តូរគ្នាបានអតិថិជនអាចអញ្ជើញមកម៉ោងណាក៏បានដែរ។ការព្យាបាលនៅទីនេះមិនមានគិតថ្លៃទេនិងលាក់ការណ៍សំងាត់ជូនអតិថិជនផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្តថាការបង្កើតមណ្ឌលរក្សាសុខភាពនេះ គឺដើម្បីផ្តល់សេវាព្យាបាលជំងឺកាមរោគដោយសារតែបញ្ហាជំងឺនេះនៅកម្ពុជាក៏ដូចជានៅលើពិភពលោកមានការឆ្លងច្រើន។

លោកវេជ្ជបណ្ឌិតបានបន្តថាចាប់តាំងពីបង្កើតឡើងក្នុងកំឡុងខែមករាឆ្នាំ២០២៥ក្នុង១ខែមានអតិថិជនមកទទួលសេវាប្រមាណពី៣៥០ទៅ៤០០នាក់ក្នុងនោះ៩០% ជាក្រុមបុរសស្រលាញ់បុរស។ លោកវេជ្ជបណ្ឌិតបានបន្ថែមថាក្រៅពីផ្តល់សេវាពិនិត្យព្យាបាលជំងឺកាមរោគយើងក៏មានផ្តល់សេវាបង្ការការចម្លងមេរោគអេដស៍តាមរយៈការផ្តល់ថ្នាំលេបនិងថ្នាំចាក់សម្រាប់បង្ការមុនពេលរួមភេទកុំឱ្យឆ្លងមេរោគអេដស៍និងថ្នាំលេបក្រោយរួមភេទកុំឱ្យឆ្លងមេរោគអេដស៍ផងដែរ។

លោកវេជ្ជបណ្ឌិត ឡេង វឌ្ឍនា គ្រូពេទ្យព្យាបាលបានលើកឡើងថា ការចម្លងជំងឺកាមរោគមានការកើនឡើងដែលភាគច្រើនពួកគាត់មិនបានដឹងខ្លួនឡើយ។អ្នកខ្លះពេលមកព្យាបាលគាត់គិតថាបានជាសះស្បើយហើយតែគាត់នៅជាមួយដៃគូមិនបានការពារខ្លួនក៏មានការចម្លងថ្មីផងដែរ។ លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់អ្នកជំងឺកាមរោគដែលបានជាសះស្បើយសូមមកពិនិត្យជំងឺតាមការកំណត់របស់គ្រូពេទ្យនិងត្រូវចេះការពារខ្លួននៅពេលនៅជាមួយដៃគូពិសេសអ្នកមានដៃគូច្រើនដើម្បីធានាថាបងប្អូនមិនមានការឆ្លងថ្មី៕





