ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅសារមន្ទីរទួលស្លែង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវបានសម្លាប់ក្នុងរបប ប៉ុលពត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញពិធីបុណ្យភ្ជុំ នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលត្រូវបាន សម្លាប់ក្នុងរបបប៉ុល ពត ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង អាជ្ញាធរ និងប្រជាពលរដ្ឋផងដែរ ។

ការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៍ និងឧទ្ទិសជូនដល់ញាតិការ៧ការសណ្តាន ដែលបានបាត់បង់ជីវិត និងដួងវិញ្ញាណក្ខន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត ។ ជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ដែលទទួលទុក្ខ ទារុណកម្ម យ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌បំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា សារមន្ទីរទួលស្លែងត្រូវបានអង្គការយូនីស្កូ បានបញ្ជូលជាបណ្ណសារ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ ២០០៩ ទុកជាការចងចាំសម្រាប់មនុស្សជាតិ។ នៅក្នុងបរិវេណសារមន្ទីទទួលស្លែងមានផ្នូរខ្មោចចំនួន១៤ដែលបានកប់នៅទីនោះ ដែលគ្មានឈ្មោះ និងគ្មានអត្តសញ្ញាណពួកទេ តែស្ថិតនៅក្នុងការចងចាំជានិច្ចនូវវត្តមានរបស់ខ្មែរក្រហម នៅភ្នំពេញនាថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

របបកម្ពុជាប្រជាធិបតេយ្យ ឬស្គាល់ជាទូទៅថា របបខ្មែរក្រហម បានឡើងកាន់អំណាចពីឆ្នាំ១៩៧៥-១៩៧៨ និងបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត៣លាននាក់ ។ ពួកអតីតមេដឹកនាំជាន់ខ្ពស់ចំនួន៥រូបនៃរបបនេះ ត្រូវបានចាប់ខ្លួន និងធ្វើការជំនុំជម្រះទោសដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ស្ថិតក្រោមច្បាប់កម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner