វេណេស៊ុយអេឡាចង់មានបន្ទាយយោធា ទូទាំងប្រទេស
ការ៉ាកាស ៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា បានអំពាវនាវឱ្យមានបន្ទាយយោធា នៅទូទាំងប្រទេស ចំពេលតានតឹង ជាមួយអាមេរិក។
កាលពីថ្ងៃសៅរ៍ទី១៣ ខែកញ្ញា លោក Vladimir Padrino Lopez រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា បានអំពាវនាវឲ្យប្រជាជន វេណេស៊ុយអេឡា ប្រមូលផ្តុំគ្នា នៅបន្ទាយយោធា ដើម្បី “ក្រោកឡើង” និង ការពារមាតុភូមិ របស់ពួកគេ។
ជាការកត់សម្គាល់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ក៏បានអំពាវនាវឱ្យមានអ្នកបំរុងសម្រាប់ជាសមាជិក នៃកងជីវពល ហើយ យុវជន ដែលបានចុះឈ្មោះក្នុងជួរកងទ័ព ឱ្យទទួលបានការបណ្តុះបណ្តាល និងរៀន “របៀបបាញ់” ដើម្បីការពារប្រទេសប្រឆាំងនឹងអ្វី ដែលគាត់ចាត់ទុកថា ជាការគំរាមកំហែង ពីសហរដ្ឋអាមេរិក។
ថ្មីៗនេះ លោក Maduro បានប្រកាសបញ្ជា ឲ្យដាក់ពង្រាយទាហាន ២៥,០០០នាក់ ទៅកាន់ព្រំដែន ជាមួយប្រទេស កូឡុំប៊ី ជារឿងមិនធ្លាប់មាន។
កាលពីដើមខែកញ្ញា កងកម្លាំងអាមេរិកបានវាយប្រហារ ទូកសង្ស័យគ្រឿងញៀនមួយគ្រឿង សម្លាប់មនុស្ស ១១នាក់ នៅក្នុងសមុទ្រការ៉ាប៊ីន។ លោក Trump បាននិយាយថា ទូកនេះ ជាកម្មសិទ្ធិរបស់ក្រុមឧក្រិដ្ឋជន វេណេស៊ុយអេឡា Tren de Aragua ប៉ុន្តែ បានផ្តល់ភស្តុតាងតិចតួច ក្នុងការការពារលើអំណះអំណាង នេះ។
មេដឹកនាំអាមេរិក រូបនេះ ក៏បានគំរាម បាញ់ទម្លាក់យន្តហោះយោធា វេណេស៊ុយអេឡា ប្រសិនបើពួកគេ បង្កគ្រោះថ្នាក់ ដល់កងកម្លាំងអាមេរិក បន្ទាប់ពីយន្តហោះ វ៉េណេស៊ុយអេឡា ពីរគ្រឿង បានហោះក្បែរនាវាកងទ័ពជើងទឹកអាមេរិក ក្នុងដែនទឹកអន្តរជាតិ។
គួរបញ្ជាក់ដែរថា ថ្មីៗនេះ អាមេរិកបានបញ្ជូនទាហានរាប់រយនាក់ និង នាវាចម្បាំង ទៅកាន់តំបន់ជុំវិញ ប្រទេសស្ថិតនៅអាមេរិក ខាងត្បូង មួយនេះ ខណៈដែលលោក Trump ចោទថា មេដឹកនាំប្រទេសវេណេស៊ុយអេឡា នៅពីក្រោយ ក្រុមជួញដូរគ្រឿងញៀន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត