សិស្សសាលាបឋមសិក្សាវត្តរាជបូណ៍ បង្ហាញទេពកោសល្យ និងភាពវៃឆ្លាតក្នុងពិព័រណ៍បច្ចេកវិទ្យា និងស្ទែមប្រើប្រាស់ប្រព័ន្ធPLP លើកដំបូង
សៀមរាប៖សាលាបឋមសិក្សាវត្តរាជបូណ៍ ដែលស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបត្រូវបានគណៈកម្មការគ្រប់គ្រងសាលារៀបចំពិធីតាំងពិព័រណ៍បច្ចេកវិទ្យា និងស្ទែម ដោយបានអនុញ្ញាតឱ្យមានការចូលរួមពីសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ។កម្មវិធីនេះមានគោលបំណងចម្បង ឱ្យសិស្សបានបញ្ចេញនូវសមត្ថភាព និងបង្ហាញពីលទ្ធផលនៃការខិតខំប្រឹងប្រែង និងស្នាដៃច្នៃប្រឌិតរបស់ខ្លួន ក្នុងការបម្លែងនិងកែច្នៃវត្ថុធាតុដើមផ្សេងៗឱ្យក្លាយទៅជារបស់ប្រើប្រាស់មានតម្លៃ ។
ពិធីបង្ហាញទេពកោសល្យ និងភាពវៃឆ្លាតក្នុងពិព័រណ៍បច្ចេកវិទ្យា និងស្ទែម បានប្រារព្ធកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០២៥ដោយមានការអញ្ជើញចូលរួមពីឧញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប និងឧត្តមានជ័យ ប្រធានគណៈកម្មការសាលា លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រមទាំងមាតាបិតាសិស្សចំនួន៤៨០នាក់ និងសិស្សានុសិស្សចំនួន៧០៣នាក់។
លោក អន គុណរ័ត្ន នាយកគណៈកម្មការគ្រប់គ្រងសាលា បាននិយាយថា ដើម្បីឱ្យស្របតាមសម័យឌីជីថលសតវត្សទី២១ និងជាកម្មវិធីលើកដំបូងនៃសាលាបឋមសិក្សាវត្តរាជបូណ៍ ក្នុងគោលបំណងជំរុញនិងលើកទឹកចិត្តដល់កូនៗ ក្រៅពីការសិក្សាអំពីការគិតលេខ ការរៀនអក្សរ គឺសាលាបានបន្ថែមទៅលើការប្រើប្រាស់បច្ចេកវិទ្យាស្របទៅនឹងសម័យឌីជីថល ក្នុងន័យជំរុញ កូនៗឱ្យមានភាពឆ្លាតវៃ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងនោះក៏មានការប្រើប្រាស់ប្រព័ន្ធ PLP ជាថ្នាលបឋម ជាការជួយដល់សិស្សានុសិស្ស ។
លោកនាយកបានបន្ថែមថា ការតាំងពិព័រណ៍បច្ចេកវិទ្យានេះ គឺជាឱកាសសំខាន់មួយសម្រាប់សិស្សក្នុងការបង្ហាញទេពកោសល្យ និងសមត្ថភាពបច្ចេកទេស ដោយការចូលរួមប្រកបដោយភាពស្មោះត្រង់ និងភាពស្និទ្ធស្នាលរវាងគ្រូ និងសិស្ស ក៏ដូចជាការចូលរួមរបស់សហគមន៍ ដែលជាថាមពលលើកទឹកចិត្តដ៏មានតម្លៃ និងជាឱកាសឱ្យសិស្សបង្ហាញអត្តសញ្ញាណ និងទេពកោសល្យរបស់ខ្លួន ដោយបង្ហាញពីចំណេះដឹង និងចំណូលចិត្តក្នុងវិស័យបច្ចេកទេសផ្សេងៗ ។
លោកនាយកសាលាបានបន្តថា ការតាំងពិព័រណ៍បច្ចេកវិទ្យា និងស្ទែមជាលើកដំបូងនេះលោកសង្ឃឹមថា សិស្សានុសិស្ស អាចឈានទៅដល់ការរៀបចំបច្ចេកវិទ្យានេះ ប្រើប្រាស់ដោយស្វ័យប្រវត្តិនូវបច្ចេកវិទ្យាឌីជីថលនេះ ដូចជា រ៉ូបូត ការកែច្នៃគ្រឿងអេឡិចត្រូនិក និងគំនិតច្នៃប្រឌិតជាច្រើនទៀត៕
ដោយ៖ ប៊ុន រដ្ឋា






