អ៊ីស្រាអែល ថា សម្លាប់មេហាម៉ាស់ ដើម្បីបញ្ចប់សង្គ្រាម

ហ្ស៊េរុយសាឡិម ៖ លោក ណេតានយ៉ាហ៊ូ មេដឹកនាំអ៊ីស្រាអែលបានអះអាង កាលពីថ្ងៃទី១៣ ខែកញ្ញា ថា ការសម្លាប់ពួកមេធំរបស់ក្រុមហាម៉ាស់ គឺជាផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាម នៅតំបន់ ហ្គាហ្សា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការលុបបំបាត់ មេដឹកនាំក្រុមហាម៉ាស់ នឹងបញ្ចប់សង្គ្រាម។
តាមរយៈបណ្តាញសង្គម X លោកបានរៀបរាប់ថា «មេក្រុមភេរវជន Hamas ដែលរស់នៅក្នុងប្រទេសកាតា មិនខ្វល់ពីប្រជាជន ក្នុងតំបន់ Gaza ឡើយ…ការកម្ចាត់ពួកនេះ វានឹងបំបាត់ឧបសគ្គចម្បង ក្នុងការដោះលែងចំណាប់ខ្មាំង របស់យើងទាំងអស់ និងបញ្ចប់សង្រ្គាម»។

តែ ការអត្ថាធិប្បាយរបស់លោក បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា លោក ប្រធានាធិបតី Donald Trump “មិនសប្បាយចិត្ត” អំពីការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសកាតា តែ សម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ នឹងមិនរងផលប៉ះពាល់ទេ។

គួរឲ្យដឹងថា ការពិភាក្សាអំពីបទឈប់បាញ់ នៅតែមិនទាន់អាចសម្រេចបាន បន្ទាប់ពីការចរចារ មិនបានសម្រេចជាច្រើនខែ ហើយក៏មិនកើតការ ចំពេលដែលអ៊ីស្រាអែល បង្កើនយុទ្ធនាការរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ អ៊ីស្រាអែល បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមគ្រប់គ្រងទីក្រុង Gaza ដែលជាតំបន់ទីក្រុងដ៏ធំបំផុត របស់ទឹកដីនេះ ដោយប្រាប់អ្នកស្រុក ឱ្យជម្លៀសខ្លួន និងបំផ្ទុះអគារខ្ពស់ៗជាច្រើន។

គួររម្លឹកថា សង្រ្គាមនេះ ត្រូវបានបង្កឡើង ដោយការវាយប្រហារ នៅខែតុលា ឆ្នាំ២០២៣ របស់ពួកហាម៉ាស់ លើប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឱ្យមនុស្សស្លាប់ ចំនួន ១,២១៩ ដែលភាគច្រើន ជាជនស៊ីវិល។

យុទ្ធនាការសងសឹក របស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ម៉ឺន៤ពាន់ ៨០៣នាក់ ដែលភាគច្រើន ជាជនស៊ីវិលផងដែរ នេះបើយោងតាមក្រសួងសុខាភិបាលហាម៉ាស់ នៅក្នុងតំបន់ ហ្គាហ្សា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner