ក្រុមហ៊ុនទេសចរណ៍ចិន TUNIU ចាប់ដៃគូរជាមួយ CTB នៃក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រីកកំណើនទេសចរណ៍ចិននៅកម្ពុជា
(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងទាក់ទាញកំណើនភ្ញៀវទេសចរណ៍ចិន មកកម្ពុជាឲ្យកាន់តែច្រើន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន TUNIU របស់ចិន ។ ពិធីចុះហត្ថលេខា ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន CTB, ឯកឧត្តម Wang Wen Bin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ូសវូដ ក្នុងរាជធានីភ្នំពេញ ។

ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឯកឧត្តម ហួតហាក់ បានថ្លែងថា ការចុះហត្ថលេ ខា លើកិច្ចព្រមព្រៀងនៃភាពជាដៃគូរវាង CTB និង ក្រុមហ៊ុន TUNIU នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា, បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការសម្រេចបំណងប្រាថ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី កម្ពុជា-ចិន។ តាមរយៈភាពជាដៃគូប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់នាថ្ងៃនេះ ពិតបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។

លោក Wang Shubai អគ្គនាយករងជាន់ខ្ពស់ នៃក្រុមហ៊ុន TUNIU បានថ្លែងថា ក្រុមហ៊ុនរបស់លោក នឹងពង្រីកការវិនិយោគទៅលើផ្នែកទីផ្សារ ការច្នៃប្រឌិត និងការធានាសេវាកម្ម ដោយផ្អែកលើឥទ្ធិពលនៃបណ្តាញ និងសមត្ថភាពរបស់ក្រុមហ៊ុន ដោយនឹងផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជាច្រើនប្រភេទ រួមមាន ដំណើរកំសាន្តផ្នែកវប្បធម៌បែបស៊ីជម្រៅ ដំណើរកម្សាន្តបែបចំណេះដឹងសម្រាប់គ្រួសារ និងដំណើរកម្សាន្តសម្រាប់គូស្នេហ៍ ដែលជាគោលដៅជំរុញឲ្យមានភ្ញៀវទេសចរណ៍ចិនមកយកបទពិសោធន៍នៅកម្ពុជាកាន់តែច្រើន ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥ ភ្ញៀវទេសចរចិន ដែលមកដល់ប្រទេសកម្ពុជាបានកើនឡើងជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនប្រមាណ ៦៩ម៉ឺននាក់ ។ ចំណែកការស្នាក់នៅរបស់ភ្ញៀវទេសចរកម្ពុជា នៅទីក្រុងសាន់យ៉ា ប្រទេសចិន នោះវិញ បានកើនឡើងលើសពី ៨០% ដែលនេះបានឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំនៃលំហូរភ្ញៀវទេសចរទ្វេភាគី និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លឹមហួត











