ខូចម៉ាស៊ីនត្រជាក់លើយន្តហោះ ដឹកអ្នកដំណើរ២០០នាក់

ញូវដែលី ៖ អ្នកដំណើរជាង ២០០នាក់បានជាប់គាំង នៅក្នុងយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា រយៈពេល២ម៉ោង បន្ទាប់ពីប្រព័ន្ធម៉ាស៊ីនត្រជាក់ មិនដំណើរការ។

យោងតាមការចុះផ្សាយ របស់គេហទំព័រ Times of India បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១១ ខែកញ្ញា ដោយក្រុមអ្នកដំណើរ នៃជើងហោះហើរ AI380 ត្រូវហោះទៅកាន់ប្រទេសសិង្ហបុរី នៅម៉ោង១១យប់។ ក្រោយកើតហេតុ យន្តហោះ ត្រូវបានបង្ខំឱ្យចុះចត នៅអាកាសយានដ្ឋាន Delhi។

ទីភ្នាក់ងារព័ត៌មាន Mothership បានរាយការណ៍ថា អស់រយៈពេល ពីរម៉ោង អ្នកធ្វើដំណើរនៅតែអង្គុយលើយន្តហោះ ខណៈសីតុណ្ហភាពកើនឡើង ដោយអ្នកខ្លះ ប្រើសំបុត្រយន្តហោះ និង ទស្សនាវដ្តី បក់មកលើខ្លួន ដើម្បីបានត្រជាក់ ជាបណ្តោះអាសន្ន។

វីដេអូ និងរូបថត ដែលត្រូវបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញអ្នកដំណើរ មានអារម្មណ៍មិនស្រួល ដោយមនុស្សជាច្រើនបានរិះគន់ ក្រុមហ៊ុនអាកាសចរណ៍ ចំពោះការពន្យារពេលនេះ។

អ្នកដំណើរម្នាក់ បានសរសេរ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X ថា «ពីរម៉ោង ដោយគ្មានការត្រជាក់ត្រឹមត្រូវ គឺ មិនអាចទទួលយកបានទេ»។

ក្រុមហ៊ុន Air India បាននិយាយថា ការពន្យាពេលនេះ គឺបណ្តាលមកពី “បញ្ហាម៉ាស៊ីនត្រជាក់”។ ក្រុមហ៊ុនអាកាសចរណ៍ បានបន្ថែមថា បុគ្គលិក នៅអាកាសយានដ្ឋាន Delhi ក៏បានផ្តល់អាហារ និងអាហារសម្រន់ ខណៈដែលពេលស្ថានភាព កំពុងត្រូវបានដោះស្រាយ។

នៅទីបំផុត យន្តហោះដែលរងផលប៉ះពាល់ ត្រូវបានជំនួសដោយយន្តហោះថ្មី ហើយជើងហោះហើរបានចាកចេញ ទៅដល់គោលដៅ តែ យឺត ៦ម៉ោង៕

ប្រភពពី Times of India ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner