អាមេរិក ថា ដ្រូនរុស្ស៊ីចូលប៉ូឡូញ «មិនអាចទទួលយកបាន»
វ៉ាស៊ីងតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកបានព្រមានថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ហោះចូលនៅក្នុងប្រទេសប៉ូឡូញ គឺជារឿងដែលមិនអាចទទួលយកបាន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា បានហៅការលុកលុយដ្រូនរុស្ស៊ី ចូលទៅក្នុងដែនអាកាសប៉ូឡូញ អំឡុងពេលវាយប្រហារលើអ៊ុយក្រែន ក្បែរខាង កាលពីដើមសប្តាហ៍នេះ ថា ជា “ការវិវឌ្ឍន៍ដ៏អកុសល និងគ្រោះថ្នាក់”។
លោក Rubio បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងវ៉ាស៊ីងតោន ថា «សំណួរ គឺថា តើយន្តហោះគ្មានមនុស្សបើក ត្រូវបានគេកំណត់គោលដៅ ឱ្យចូលទៅក្នុងប្រទេសប៉ូឡូញ យ៉ាងជាក់លាក់ ឬ យ៉ាងណា…ប្រសិនបើនោះ ជាចេតនា បើភស្តុតាង នាំយើងឲ្យឃើញច្បាស់លាស់នោះ នឹងកាន់តែកើនឡើង យ៉ាងខ្លាំង»។
ប៉ុន្តែ លោក ប្រធានាធិបតី Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការចោទប្រកាន់ថា ការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ទៅកាន់ប្រទេសជិតខាងប៉ូឡូញ អាចកើតឡើងដោយ ចៃដន្យ ទោះបីជាឧបទ្ទវហេតុនេះ បានធ្វើឱ្យអឺរ៉ុប ព្រួយបារម្ភក៏ដោយ។
នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានច្រានចោលការលើកឡើង របស់លោក Trump ដោយអះអាងថា «យើងក៏ចង់ឱ្យការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើប៉ូឡូញ គឺជា រឿងខុសបច្ចេកទេសដែរ ប៉ុន្តែ វាមិនមែនទេ ហើយយើងដឹងពីថា ជាចេតនា» ។
អាជ្ញាធរប៉ូឡូញ បាននិយាយថា ពួកគេបានរកឃើញផ្នែកខ្លះ នៃយន្តហោះគ្មានមនុស្សបើក ផលិតដោយរុស្ស៊ី ចំនួន១៧គ្រឿង ដែលបានធ្លាក់ តែ មិនបណ្តាលឱ្យមានរបួស ឬការខូចខាតធំដុំនៅភាគខាងកើតនៃប្រទេស កាលពីថ្ងៃពុធ។
រុស្ស៊ីបាញ់យន្តហោះគ្មានមនុស្សបើក លើប៉ូឡូញ ខណៈដែលសន្តិសុខរបស់ប្រទេសនេះ ត្រូវបានធានាដោយសម្ព័ន្ធមិត្តណាតូ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយ ប្រធានាធិបតី ប៉ូឡូញ ក៏ទើបបានទៅសេតវិមាន កាលពីសប្តាហ៍មុន។
សហភាពអឺរ៉ុបបានហៅ ការវាយឆ្មក់នេះ ថា ជាការសាកល្បង នៃការដោះស្រាយរបស់សម្ព័ន្ធភាព ណាតូ ក្នុងការប្រឈមមុខនឹងសង្រ្គាម ដែលកំពុងបន្ត របស់រុស្ស៊ី នៅអ៊ុយក្រែន។
យ៉ាងណា រុស្ស៊ី នៅតែបដិសេធការទទូច របស់លោក Trump សម្រាប់បទឈប់បាញ់ នៅអ៊ុយក្រែន បើទោះបីជាមានជំនួបកំពូល អាមេរិក-រុស្ស៊ី រួចហើយក្តី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត