ឯកឧត្តម គួច ចំរើន ណែនាំអ្នកសាងសង់ផ្លូវ និង ប្រព័ន្ធលូក្នុងក្រុងសំពៅពូន ត្រូវស្របតាមស្តង់ដារបច្ចេកទេស
(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន បានណែនាំដល់អ្នកសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូទឹកភ្លៀង ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស និងឱ្យរួចរាល់តាមផែនការដែលបានកំណត់ ពិសេសត្រូវធានាថា ផ្លូវ និងប្រព័ន្ធលូនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។
ប្រសាសន៍ លើកឡើងកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ត្រីរាជការ ពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ការរៀបចំប្រព័ន្ធលូទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការដាក់តាំងផ្សាយពាណិជ្ជកម្ម ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល។
ឯកឧត្ដម គួច ចំរើន ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករ កំពុងប្រកបរបរនៅអមសងខាងផ្លូវដែលកំពុងសាងសង់ និងដាក់ប្រព័ន្ធលូ និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានចូលរួមសហការល្អជាមួយមន្ត្រីបច្ចេកទេសសាងសង់ផ្លូវ ដែលធ្វើឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូទឹកភ្លៀងនេះ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ៖ នៅពេលនេះយើងប្រឈមនិងបញ្ហាក្នុងរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលផ្លូវ និងប្រព័ន្ធលូបានសាងសង់រួចហើយ នោះក្រុងសំពៅពូន នឹងក្លាយជាទីក្រុងមួយដ៏ស៊ីវិល័យ មានហេដ្ឋារចនាសម្ព័ន្ធស្អាត មានសណ្ដាប់ធ្នាប់ របៀបរៀបរយ ផ្លូវធំទូលាយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសអ្នកវិនិយោគនានា មកវិនិយោគនៅក្រុងសំពៅពូន ធ្វើឱ្យសេដ្ឋកិច្ចរបស់ក្រុងសំពៅពូន ខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំពៅពូន មានជីវភាពធូរធារបន្ថែមពីលើនេះមួយកំរិតទៀតផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ







