ជប៉ុនបញ្ជូនយន្តហោះចម្បាំង F-15 ទៅកាន់កាណាដា និង អឺរ៉ុបលើកដំបូង

តូក្យូ ៖ ប្រទេសជប៉ុនមានផែនការបញ្ជូនយន្តហោះចម្បាំង F-15 របស់ខ្លួនទៅកាន់ទឹកដីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងកាណាដា ដែលចាប់ផ្តើមពីថ្ងៃអាទិត្យម្សិលមិញ ហើយវានឹងក្លាយជាការបញ្ជូនយន្តហោះចម្បាំងរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនជាលើកដំបូងទៅកាន់ប្រទេសសម្ព័ន្ធមិត្តខ្លួន។

ពាក់ព័ន្ធនឹងផែនការនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nakatani Gen បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗថា យន្តហោះចម្បាំង F-15 ចំនួន ៤គ្រឿងដែលជាកម្មសិទ្ធិនៃមូលដ្ឋានទ័ពអាកាស Chitose របស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន នៅភាគខាងជើងនៃខេត្ត Hokkaido នឹងត្រូវបញ្ជូនទៅកាន់ប្រទេសទាំងបី រួមទាំងសហរដ្ឋអាមេរិក នៅក្នុងបេសកកម្មមួយដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី១ ខែតុលាខាងមុខ។

លោកថា យន្តហោះចម្បាំងទាំងនោះ នឹងហោះហើរជាមួយការចាក់ប្រេងតាមអាកាស ហើយអមដំណើរដោយយន្តហោះដឹកជញ្ជូនផងដែរ។ បេសសកម្មនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូររវាងមន្រ្តីការពារជាតិពីប្រទេសផ្សេងៗ រួមទាំងការផ្លាស់ប្តូរបទពិសោធន៍នៃការបញ្ជាយន្តហោះចម្បាំងទៅវិញទៅមក។ ក្រសួងការពារជាតិជប៉ុននិយាយថា សមយុទ្ធរួមគ្នាមិនត្រូវបានគ្រោងទុក អំឡុងការបញ្ជូនយន្តហោះទាំងនោះទេ។

ប្រមុខការពារជាតិជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា ការបញ្ជូនយន្តហោះចម្បាំងនេះ ក៏នឹងរួមបញ្ចូលការទទួលស្គាល់ទូលំទូលាយថា សន្តិសុខរបស់អឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជារឿងសំខាន់មិនអាចបំបែកបាន និងមានជាប់ទាក់ទងគ្នា។ ដូច្នេះជប៉ុនចង់ធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងចំណោមសម្ព័ន្ធមិត្ត និងប្រទេសដែលមានគំនិតដូចគ្នា៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner