ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងថ្កោលទោសសមយុទ្ធជប៉ុន អាមេរិក និងកូរ៉េខាងត្បូង
ព្យុងយ៉ាង ៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូជុង បានចេញមុខថ្កោលទោសធ្ងន់ៗ ចំពោះគម្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នារវាងជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ហើយថែមទាំងបាននិយាយរិះគន់ខ្លាំងៗថា វាជាការសម្ញែងសាច់ដុំយោធាដែលគ្មានការប្រុងប្រយ័ត្នទាល់តែសោះ។
ប្រតិកម្មខ្លាំងៗរបស់អ្នកនាង គីម យ៉ូជុង ធ្វើឡើងស្របពេលដែលយោធាអាមេរិក កូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន មានគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នា មានឈ្មោះថា “Freedom Edge” ក្នុងគោលបំណងឆ្លើយតបទៅនឹងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ល្បែងសង្គ្រាមនេះ គ្រោងធ្វើឡើងទាំងនៅលើដែនអាកាស និងដែនទឹកនៅសមុទ្រចិនខាងកើត ចាប់ពីថ្ងៃចន្ទនេះទៅ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងក៏រាយការណ៍ដែរថា អាមេរិក និងកូរ៉េខាងត្បូងក៏គ្រោងនឹងធ្វើសមយុទ្ធដាច់ដោយឡែកទ្វេភាគីផងដែរ។
ឆ្លើយតបនឹងផែនការសម្ញែងសាច់ដុំយោធានេះ អ្នកនាង គីម បាននិយាយថា កូរ៉េខាងជើងនឹងចាត់ទុកសមយុទ្ធនេះថា ជាសារបង្ហាញពីគោលជំហរត្រៀមប្រឈមមុខដាក់គ្នាប្រឆាំងនឹងកូរ៉េខាងជើង។ អ្នកនាង គីម បានសង្កត់ធ្ងន់ថា ការបង្ហាញសាច់ដុំយោធាដោយគ្មានការប្រុងប្រយ័ត្ននេះ នឹងនាំមកនូវលទ្ធផលអាក្រក់ដែលជៀសមិនរួច ហើយកូរ៉េខាងជើងនឹងត្រៀមខ្លួនចាត់វិធានការតបតវិញ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
