ឯកឧត្ដម ហេង សួរ៖ទំនួលខុសត្រូវសង្គម គឺជាសរសៃឈាមមួយ នៃអាជីវកម្ម​មាន​ចី​រ​ភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សា​ធា​រណៈ

(ភ្នំពេញ)៖ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ទំនួលខុសត្រូវសង្គម (CSR) ជាវិធីនៃការធ្វើអាជីវកម្ម ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈក្រុមហ៊ុន​ដែលទទួលខុសត្រូវចំពោះកម្មករ មានផលជាវិជ្ជមានលើសហគមន៍ បរិស្ថាន និងឱកាសសម្រាប់អ្នកជំនាន់ក្រោយ។ CSR គឺជាឌីអិនអេ (DNA) នៃអាជីវកម្ម​មានចីរភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍​សាធារណៈ។

នេះជាប្រសាសន៍ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្នុងកម្មវិធី​ប្រគល់​ពាន​រង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ (Great ASEAN CSR Business Award 2025) នាល្ងា​ចថ្ងៃ​ទី ១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់ថា ពានរង្វាន់នៃកម្មវិធីនេះ ជាការទទួលស្គាល់ចំពោះ​ក្រុម​ហ៊ុន និងសហគ្រិន ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ កម្លាំងចិត្ត និង​ចក្ខុវិស័យ​ក្នុងការភ្ជាប់ភាពជោគជ័យអាជីវកម្មជាមួយសុខុមាលភាពសង្គម។ លើសពីនេះ កម្ម​វិធី​នេះ ក៏ជាការជំរុញឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនដទៃទៀតចូលរួមក្នុងកិច្ចការងារ​សង្គម ព្រោះម្ចាស់ជ័យលាភីពានរង្វាន់ទាំងអស់ក្នុងកម្មវិធីនេះ ជាគំរូល្អសម្រាប់​អា​ស៊ាន និងសកលលោកទាំងមូល ។

ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើការជិតស្និទ្ធជាមួយដៃគូអាស៊ាន ភ្នាក់ងារអភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បីឆ្ពោះទៅរកភាពទទួលខុសត្រូវ ការរួមបញ្ចូលគ្នា និងចីរភាព។

សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបាន​ជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ នេះ ប្រើរយៈពេល១២០ថ្ងៃ ក្នុងការ​ជ្រើស​​រើសជ័យលាភី ដែលមានបេក្ខជនដាក់ពាក្យចូលរួមសរុបចំនួន ៣ ៧៦០នាក់ មកពី៣៩ប្រទេស។ ក្នុងនោះបេក្ខជនដែលមានសក្តានុពលចំនួន ៤៨០នាក់ត្រូវ​បាន​ជ្រើសរើស និងត្រូវបានវាយតម្លៃជាផ្លូវការចំនួន ២៨០នាក់មកពី ៣០ប្រទេស។ ជា​លទ្ធផល បេក្ខជន ៦០នាក់មកពី១៩ប្រទេសត្រូវបានជ្រើសរើសជាម្ចាស់ជ័យ​លាភី នៃកម្មវិធីនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner