ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលវិល​ត្រឡប់ពីប្រទេសថៃ នៅក្នុងស្រុកចំនួន៣ក្នុងខេត្តតត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើ្ញញដឹកនាំប្រតិភូ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជ​រដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុក​ត្បូងឃ្មុំ និងស្រុកពញាក្រែក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះ​សំ​ណាល សួរសុខទុក្ខ និងផ្សព្វផ្សាយឱកាសការងារ ដល់ពលករចំណាកស្រុក វិលត្រ​ឡប់មកមូលដ្ឋានវិញ ចំនួន១៦៥១គ្រួសារ នៅតាមទីតាំងចំនួន៣កន្លែងផ្សេងគ្នា ស្ថិតនៅស្រុកអូររាំងឪ (៤០៣គ្រួសារ) ស្រុកពញាក្រែក ( ៧៤៥គ្រួសារ) និងស្រុក​ត្បូងឃ្មុំ (៥០៣គ្រួសារ) នៃខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការសាកសួរ​សុខទុក្ខពីសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរលើសុខទុក្ខ និងយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កាលៈទេសៈ ដោយមិនទុកពលរដ្ឋណាម្នាក់ចោល ដោយមិនបានដោះស្រាយនិងខ្វះ​ខាត​ស្បៀង​នោះឡើយ ជាពិសេសការសម្រួលការលំបាក ការផ្តល់ឱកាសការងារក្នុងស្រុក ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ចំណាកស្រុកវិលត្រឡប់មកមូលដ្ឋានវិញផងដែរ ក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជា។ ឯកឧត្តម បានថ្លែងអំពីសាមគ្គីភាព និងជំនឿទុកចិត្តលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងលើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់លើឱកាសការងារដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ព្រោះបច្ចុប្បន្ននេះ កម្ពុជាមានតម្រូវការការងារជាច្រើន នៅតាម​រោង​ចក្រសហគ្រាស និងតំបន់អភិវឌ្ឍន៍នានា។ ជាមួយគ្នានេះប្រជាពលរដ្ឋ អាចបង្កើន​ការ​ដាំ​ដុះ​ដំណាំ បន្លែ ដើមឈើហូបផ្លែ ដើម្បីធានាសន្តិសុខស្បៀងគ្រួសារ និងអាច​រកចំណូលបន្ថែមផងដែរ។ «ក្នុងពេលដែលបញ្ហាព្រំដែនការធ្វើការចំណាកស្រុក វា​មិន​មែនជារឿងងាយស្រួលឡើយ និងអាចជួបបញ្ហាប្រឈម ការមើលងាយ ការរំ​លោភច្បាប់ផ្សេងៗ ដោយក្រុមនិយមមួយចំនួនណានោះ ដូច្នេះហើយត្រូវរួប​រួម​សាមគ្គីគ្នា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ យើងខ្មែរតែមួយ ជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ព ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនៅតាមបណ្តា​ស្រុកខាងលើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជូនថវិកា ដែលជាអំណោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ក្រុមគ្រួសារប្រជាពលរដ្ឋ​ចូលរួម​ផង​ដែរ។ សម្រាប់ឱកាសការងារនៅទូទាំងប្រទេសមានប្រមាណ១០ម៉ឺនកន្លែង កំពុងរង់​ចាំ​ទទួលប្រជាពលរដ្ឋ ដែលធ្វើចំណាក់ស្រុកវិលត្រឡប់មកធ្វើការក្នុងប្រទេសវិញ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងជ្រើស​រើស​កម្លាំងពលកម្មជាច្រើនផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner