ថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី៧ នៅវត្ត​បុទមវតី ឧទ្ទិសកុសល ជូនបុព្វការីជន និងវីរយុទ្ធជនពលីក្នុងបុព្វហេតុជាតិ

(ភ្នំពេញ)៖ លោកជំទាវ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី៧ ចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ នៅថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៥ ។

ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុង​គោល​បំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃ គង់ចាំព្រះ​វស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមាន​មាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ​និង​សាសនា ជាពិសេស ចំពោះវិរៈយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ក៏ដូចជាចូលរួមចំណែក​រឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿង​អស់កាល​ជាអង្វែងតទៅ ។

ម្យ៉ាងទៀត គឺការជូនពរដល់វិរះយុទ្ធជនកំពុងសម្រាកព្យាបាល ឱ្យបានឆាប់ជាសះ​ស្បើយ និងមានសុខភាពល្អបរិបូរណ៍ ប្រកបដោយ កំលាំងរឹងមាំ ខ្លាំងក្លា ដើម្បីបន្ត​បំពេញភារកិច្ចដ៏ឧត្ដង្គឧត្ដមជូនជាតិមាតុភូមិ ព្រមទាំងបានបួងសួងសូមឲ្យមនុញ្ញផល​កើត ចេញពីបុណ្យផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់ដឹកនាំនៃប្រទេស​កម្ពុជា​គ្រប់លំដាប់ថ្នាក់ ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៧នេះ បច្ច័យដែលប្រមូលបានប្រមាណជាង ៥០ លានរៀល ត្រូវបាន វេបច្ច័យប្រគេនដល់ព្រះ សង្ឃ សម្រាប់ទុកកសាង​សមិទ្ធ​ផល​នានា នៅក្នុងវត្តបទុមវតី រាជវរារាម ដើម្បីចូលរួមដល់ការរីកចចម្រើននៅក្នុង​វិស័យ​ពុទ្ធចក្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៥ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner