យន្តហោះចម្បាំងបារាំង Rafale ល្បាតដែនអាកាសប៉ូឡូញ

វ៉ាសូវី ៖ យន្តហោះចម្បាំងរបស់បារាំង បានចាប់ផ្តើមល្បានដែនអាកាស របស់ប្រទេសប៉ូឡូញ។

រូបភាព ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលចេញផ្សាយដោយទីស្នាក់ការកងកម្លាំងប្រដាប់អាវុធបារាំង បានបង្ហាញយន្តហោះ Rafale ដែលកំពុងហោះហើរ នៅក្នុងដែនអាកាសប៉ូឡូញ។

យោងតាមទីស្នាក់ការកណ្តាល ប្រតិបត្តិការទាំងនេះ គឺជាផ្នែកមួយនៃ “ការអនុវត្តជាក់ស្តែងនៃវិធានការរបស់បារាំង” ក្រោមគំនិតផ្តួចផ្តើមការធានាឡើងវិញ របស់អង្គការយោធាអន្តរជាតិ ណាតូ នៅអឺរ៉ុបខាងកើត។

បេសកកម្មនេះ ត្រូវបានគេដាក់ឈ្មោះថា “Eastern Sentry” ធ្វើឡើង បន្ទាប់ពីការលុកលុយមិនធ្លាប់មានពីមុនមក របស់យន្តហោះគ្មានមនុស្សបើករុស្ស៊ី ចូលក្នុងដែនអាកាសប៉ូឡូញ។

ភាពតានតឹងបានកើនឡើងខ្ពស់ នៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីប្រទេសប៉ូឡូញ បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍មុនថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី ចំនួន១៩គ្រឿងបានហោះហើរឆ្លងកាត់ ដែនអាកាសរបស់ខ្លួន ដែលក្នុងនោះ ៣ គ្រឿង ត្រូវបានបាញ់ទម្លាក់។

ប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្ត ប្រហែល៤០ប្រទេស បានបរិហារការឈ្លានពាន កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូ ជៀសវាង “ការបង្កហេតុ” បន្ថែមទៀត។

ប្រធានអង្គការ ណាតូ បាននិយាយថា សម្ព័ន្ធភាពនេះ នឹងពង្រឹងផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីឧបទ្ទវហេតុនេះ ដោយក្នុងនោះ ប្រទេស ដាណឺម៉ាក បារាំង អង់គ្លេស និងអាឡឺម៉ង់ ចូលរួមចំណែក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner