ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់គ្រួសារវីរៈកងទ័ពជួរមុខ

(ខេត្តកណ្តាល)៖ អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចិត្តទុកបញ្ហាប្រឈម និងសំណូមពររបស់គ្រួសារវីរៈកងទ័ពជើងមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការងារអាទិភាពមួយ ក្នុងការសម្របសម្រួល ដោះស្រាយ ដោយអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាល ដែលសាមីអង្គភាពបញ្ជូនទៅសមរភូមិមុខ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ បងប្អូនវិរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង បានកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនយ៉ាងស្វាហាប់ ក្នុងនាមយើងជាអ្នកនៅសមរភូមិក្រោយ នៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដោយមិនឱ្យកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមមុខ នៅឯកោទេ ពោលគឺមានតែទទួលបានការគោរព ដឹងគុណនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសារវីរៈកងទ័ពរបស់យើង អោយទទួលបានភាពកក់ក្តៅ ដើម្បីជាកម្លាំងចិត្តដល់កងទ័ពនៅសមរភូមិមុខ។

ឯកឧត្តម ក៏បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាយើង ដែលបានយកអស់កម្លាំងកាយចិត្តលះបង់ការពារ អធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា មិនឱ្យចោរសៀមឈ្លានពានបានឡើយ ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ុ ពូមីង បងប្អូន ក្រុមគ្រូសារវីរៈកងទ័ពទាំងអស់ ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ប្រឆាំងសត្រូវឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា នៅសមរភូមិក្រោយ នឹងធ្វើជាកំលាំងចលករ ជំរុញអ្នកនៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារៈ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេស យកចិត្តទុកដាក់ដល់ក្រុមគ្រូសារវីរៈកងទ័ពគ្រប់បែបយ៉ាង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner