កម្ពុជា សង្ឃឹមច្រើនឈានទៅដល់ដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអាស៊ាន-ចិន លើកទី២
(ភ្នំពេញ)៖ យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន (China-ASEAN Esports Competition) លើកទី២ ដោយមាន ២ ក្រុម លើ២ ២ វិញ្ញាសា នៅទីក្រុងសៀងហៃ ប្រទេសចិន។
នៅពេលជូនដំណើរប្រតិភូឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា សហព័ន្ធបានបញ្ជូនក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរចំនួន ២ ក្រុម ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន លើកទី២ ឆ្នាំ២០២៥ លើវិញ្ញាសា Mobile Legends Bang Bang និង Valorant ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងសៀងហៃ ប្រទេសចិន។
ឯកឧត្តមបានបញ្ជាក់ថា ៖«កាលលើកទី១ ឆ្នាំ ២០២៤ ក្រុមកម្ពុជាយើងបានឈ្នះជើងឯក ដូច្នេះសម្រាប់ការចូលរួមប្រកួត លើកទី២ ឆ្នាំនេះ យើងសង្ឃឹមច្រើន ក្នុងការឈានទៅដល់ដណ្តើមបានមេដាយទៀត»។
សូមបញ្ជាក់ថា ប្រទេសចូលរួមសម្រាប់វិញ្ញាសា BLBB ពូល A ៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង ទីម័រខាងកើត។ពូល B៖ ចិន កម្ពុជា ឡាវ ហ្វីលីពីន និង វៀតណាម ៕






ដោយ ៖ ជាវ ចន្ធូ