ក្នុងឱកាសពិធីកាន់បិណ្ឌ ឯកឧត្តមអភិបាលខេត្តបាត់ដំបងអញ្ជើញទៅកាន់មណ្ឌលកុមារកំព្រាចំនួនពីរ

បាត់ដំបង៖ខណៈនៅទូទាំងប្រទេសប្រជាពលរដ្ឋ ,ពុទ្ធសាសនិកកម្ពុជាកំពុងចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​​ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បានអញ្ជើញ​សំណេះ​សំណាល​សួរសុខទុក្ខ​មន្រ្ដីថ្នាក់ដឹកនាំមណ្ឌល មន្រ្ដីកិច្ចសន្យា ព្រមទាំងកុមារកំព្រានៅក្នុង​មជ្ឈមណ្ឌលកុមារកំព្រា​បុរីទី១ និង​បុរីទី២ ក្រុងបាត់ដំបង ។

ក្នុងជំនួបផ្ទាល់កាលពីចុងសប្ដាហ៍នេះឯកឧត្តមអភិបាលខេត្តក៏បាន បាននាំយកអំណោយនិង​ថវិកាមួយចំនួន​ទៅផ្តល់​ជូន ពិសេសបានរៀបចំអាហារសាមគ្គីពេលល្ងាច ជូនដល់លោកគ្រូ-អ្នកគ្រូ ម៉ែដោះ និងក្មួយៗ កុមារកំព្រា ទាំងពីរ​មណ្ឌលផងដែរ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ម៉ែដោះ ម៉ែចិញ្ចឹម ដែលមើលថែទាំក្មួយៗ និងចៅៗ នៅមណ្ឌល​កុមារ​កំព្រាទាំងពីរ ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងម៉ែដោះនៅទីនោះ​ដែលបាន​យកចិត្តទុកដាក់មើលថែទាំអប់រំក្មួយៗចៅៗបានយ៉ាងល្អ ។ពួកគេនឹងក្លាយជាទំពាំងស្នងប្ញស្សីយ៉ាងពិតប្រាកដនា​អនាគត។ទន្ទឹមនេះសូមបន្តនូវការខិតខំដ៏ប្រសើរនេះបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានក្រើនរំលឹកដល់ក្មួយៗ ចៅៗ ទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងត្រូវយក​ចិត្តទុកដាក់ស្តាប់នូវការទូន្មានរបស់លោកគ្រូ អ្នកគ្រូ និងម៉ែដោះឱ្យបានល្អ។

សូមបញ្ជាក់ថា នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ មានមន្ត្រីចំនួន៣១នាក់ និងមានកុមារ​ស្នាក់​នៅចំនួន ៩០នាក់ ។ចំណែកមជ្ឈមណ្ឌលកុមារកំព្រាបុរីទី២ មានមន្ត្រីចំនួន ៩នាក់ និងមានកុមារស្នាក់នៅចំនួន ១៨នាក់៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.

ads banner