សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំងអគារខុនដូរ HANA
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។អគារខុនដូនេះមានចំនួន ៧ជាន់ ។

ប្រភពបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់) ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។

ក្រៅពីនេះ ក្រុមសមត្ថកិ្ចក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើសរួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ទូដែក ចំនួន ៣ គ្រឿង និងលិខិតឆ្លងដែនសរុបចំនួន ៣៥ច្បាប់ ។

បច្ចុប្បន្នជនជាតិកូរ៉េខាងត្បូង ជនជាតិនេប៉ាល់ ជនជាតិបង់ក្លាដេស និងខ្មែរ សរុបចំនួន៤៨នាក់ ខាងលើ ព្រមទាំងសម្ភារៈរឹបអូស ត្រូវ បានប្រគល់ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
ដោយ៖ង៉ាន ទិត្យ


