នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង អញ្ជើញសួរសុខទុកយោធិនពិការនៅ​មជ្ឈមណ្ឌលអភិវឌ្ឍយោធិន​ពិការសម្ដេច​តេជោ ហ៊ុន សែន គូលែន៣១៧

សៀមរាប​៖នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥​បានដឹកនាំគណៈ​ប្រតិភូក្រសួងអញ្ជើញសួរសុខទុក្ខដល់​យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន ២៨៧ គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករងអគ្គនាយកដ្ឋានយោធាសេវា និងជានាយកមជ្ឈមណ្ឌល​, នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី,សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ជូនចំពោះយោធិនពិការនិង​គ្រួសារ​យោធិនពិការទាំងអស់​ដែលកំពុងរស់នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានកោតសរសើរចំពោះវីរភាព និងទឹកចិត្តស្នេហាជាតិរបស់យោធិន​ពិការទាំង​អស់ ដែលបានចូលរួមចំណែកក្នុងការកសាងសង្គម និងការគាំទ្រកិច្ចការពារជាតិ។

នាយឧត្តមសេនីយ៍ក៏បានផ្តល់អំណោយនិងថវិកាមួយចំនួនជូនដល់គ្រួសារយោធិនពិការចំនួន ២៨៧ គ្រួសារ ព្រម​ទាំងគ្រូបង្រៀននិងពេទ្យឆ្មបមួយគ្រួសារផងដែរ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner