កម្មវិធីបណ្តុះបណ្តាលសម្រាប់នាយកប្រតិបត្តិស្តីពី “ការធ្វើលក្ខខណ្ឌវិនិច្ឆ័យរបស់វិនិយោគិនជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ”

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្រោមកិច្ចសហការ និងការគាំទ្រពីអង្គការ Water.org បានរៀបចំកម្មវិធីបណ្តុះ​បណ្តាល​សម្រាប់នាយកប្រតិបត្តិស្តីពី “ការធ្វើលក្ខខណ្ឌវិនិច្ឆ័យរបស់វិនិយោគិនជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ” ចំនួន ២ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ។ កម្មវិធីនេះប្រព្រឹត្តិដោយជោគជ័យ និងផ្លែផ្កាដោយមាន​ការចូល​រួមពីតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកសមាគមចំនួនប្រមាណ ១០០ នាក់ មកពី ៨០ គ្រឹះស្ថាន ។

កម្មវិធីបណ្តុះបណ្តាលសម្រាប់នាយកប្រតិបត្តិរយៈពេល ២ថ្ងៃ ពេញនេះ គឺជាគំនិតផ្តួចផ្តើមរួមររបស់សមាគមមី​ក្រូហិរញ្ញ​វត្ថុកម្ពុជា និងអង្គការ Water.org ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ និងកសាងសមត្ថភាព ក៏ដូចជាបញ្ជ្រាបនូវ​ចំណេះជំនាញដល់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការត្រៀមលក្ខណៈសម្បត្តិស្វែងរក និងទទួលបាននូវប្រភពទុនពីវិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នកវិនិយោគដែលផ្តោតសំខាន់លើផលប៉ះពាល់សង្គម (Social Impact Investor) និងហិរញ្ញប្បទានបៃតងហើយប្រភពទុននេះនឹងជួយពង្រឹងនិងពង្រីកប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុសំដៅធានាបាននូវកំណើន ការអភិវឌ្ឍ និងនិរន្តភាពវិស័យ។

មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសរំលេចពីការចូលរួមចំណែកដ៏សំខាន់នៃវគ្គបណ្តុះបណ្តាលចំពោះគ្រឹះស្ថានក៏ដូចជាវិស័យទាំងមូល ។ លោកជំទាវ​រំពឹងថា៖ “ វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះនឹងចូលរួមចំណែកដ៏សំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងមួយកម្រិតទៀត អំពីគោលការណ៍នានា ព្រមទាំងឈ្វេងយល់អំពីការរំពឹងទុករបស់វិនិយោគិន ជាពិសេសការរៀបចំជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន ដើម្បីធានាបាននូវនិរន្តរភាពប្រតិបត្តិការរបស់គ្រឹះស្ថាន ក៏ដូចជាកំណើន​វិស័យប្រកបដោយចីរភាព” ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលដ៏ស៊ីជម្រៅនេះ បានបំពាក់បំប៉នសិក្ខាកាមនូវចំណេះដឹង និងជំនាញជាច្រើន ជាពិសេស​ជុំវិញការគ្រប់គ្រង ក្របខណ្ឌប្រតិបត្តិការរបស់គ្រឹះស្ថាន ការគ្រប់គ្រងហិរញ្ញវត្ថុនិងរបាយការណ៍ក្នុងគ្រឹះស្ថាន ក៏ដូចជា​យុទ្ធសាស្ត្រ​សំខាន់ៗសម្រាប់ការត្រៀមខ្លួនទទួលយកការវិនិយោគប្រកបដោយប្រសិទ្ធភាព ។ ក្នុងនោះ សិក្ខាកាមបាន​ឈ្វេងយល់អំពីមូលដ្ឋានគ្រឹះនានាពាក់ព័ន្ធនឹងទស្សនទានរបស់វិនិយោគិន ក្របខ័ណ្ឌអភិបាលកិច្ចនិងការគ្រប់គ្រង​ហានិភ័យ ក៏ដូចជាការសិក្សាយ៉ាងស៊ីជម្រៅអំពីការធ្វើលក្ខណ្ឌវិនិច្ឆ័យរបស់វិនិយោគិន ករណីសិក្សាជាក់ស្តែង និងកិច្ច​ពិភាក្សាក្រុម។

បន្ថែមលើនេះ សិក្ខាកាមទាំងអស់ក៏ទទួលបាននូវចំណេះដឹងផ្សេងៗទៀតពាក់ព័ន្ធនឹង ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ការរៀបចំទិន្នន័យ និងវិធីសាស្រ្តនានាក្នុងការពង្រឹងទំនាក់ទំនង ដើម្បីទាក់ទាញ និងបង្កើនទំនុកចិត្តដល់វិនិយោគិនផងដែរ ។ កម្មវិធីដដែលនេះ បញ្ចប់ជាមួយនឹងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម​ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនោះ ៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner