កម្ពុជា និង មូលនិធិ GX Foundation បន្តពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ លើគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និង ជំងឺគ្រុនឈាម

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និង ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។

កាបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ។

នាឱកាសនេះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏មានសារសំខាន់របស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេស មូលនិធិ GX Foundation ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម អគ្គនាយកមូលនិធិ GX បានសម្តែងនូវការអរគុណជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។

ភាគីទាំងពីរ បានពិភាក្សាលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ រវាងមូលនិធិ GX Foundation និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការលើកកំពស់ប្រព័ន្ធសេវាសុខាភិបាល នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺមិនមាននរណាម្នាក់ ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ៕
ដោយ:ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner