មេវេណេស៊ុយអេឡាប្តេជ្ញាប្រឆាំងអាមេរិក បើហ៊ានឈ្លានពាន

ការ៉ាកាស ៖ មេដឹកនាំប្រទេសវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ កាលពីថ្ងៃទី១៥ ខែកញ្ញា បានប្តេជ្ញាការពារប្រឆាំងនឹងការឈ្លានពាន របស់សហរដ្ឋអាមេរិក។

ដោយសំដៅលើការពង្រាយកងទ័ពជើងទឹកអាមេរិក នៅតំបន់ការីប៊ីន និង ការវាយប្រហារដ៏សាហាវ នាពេលថ្មីៗនេះ លើទូកគ្រឿងញៀន វ៉េណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់នោះ លោក ម៉ាឌូរ៉ូ ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលទីក្រុង ការ៉ាកាស នឹង “អនុវត្ត” សិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីការពារខ្លួន។

ថ្មីៗនេះ ប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡា រូបនេះ បានអះអាងថា លោកបានដាក់ពង្រាយទាហាន ២៥,០០០នាក់ ទៅកាន់ព្រំដែន ក្នុងពេលតានតឹង ជាមួយអាមេរិក។ រីឯ រដ្ឋមន្ត្រីការពារជាតិបានអះអាងពីការដាក់ពង្រាយបន្ទាយទាហាន នៅទូទាំងប្រទេស។

កាលពីដើមខែកញ្ញា កងកម្លាំងអាមេរិកបានវាយប្រហារ ទូកសង្ស័យគ្រឿងញៀនមួយគ្រឿង សម្លាប់មនុស្ស ១១នាក់ នៅក្នុងសមុទ្រការ៉ាប៊ីន។ លោក Trump បាននិយាយថា ទូកនេះ ជាកម្មសិទ្ធិរបស់ក្រុមឧក្រិដ្ឋជន វេណេស៊ុយអេឡា Tren de Aragua ប៉ុន្តែ បានផ្តល់ភស្តុតាងតិចតួច ក្នុងការ ការពារ ការអះអាងនេះ។

មេដឹកនាំអាមេរិក រូបនេះ ក៏បានគំរាមបាញ់ទម្លាក់យន្តហោះយោធាវេណេហ្ស៊ុយអេឡា ប្រសិនបើពួកគេបង្កគ្រោះថ្នាក់ ដល់កងកម្លាំងអាមេរិក បន្ទាប់ពីយន្តហោះវ៉េណេស៊ុយអេឡា ពីរគ្រឿង បានហោះក្បែរនាវាកងទ័ពជើងទឹកអាមេរិក ក្នុងដែនទឹកអន្តរជាតិ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ អាមេរិកបានបញ្ជូនទាហានរាប់រយនាក់ និង នាវាចម្បាំង ទៅកាន់តំបន់ជុំវិញ ប្រទេសស្ថិតនៅអាមេរិក ខាងត្បូង មួយនេះ ខណៈដែលលោក Trump ចោទថា មេដឹកនាំប្រទេសវេណេស៊ុយអេឡា នៅពីក្រោយ ក្រុមជួញដូរគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner