មន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៖ វគ្គរដ្ឋបាលកីឡាជាផ្នែកមួយរួមចំណែកក្នុងការពន្លឿនជួយឱ្យសហព័ន្ធកីឡាជាតិមានសក្កានុពល
(ភ្នំពេញ)៖ លោក ឯម ហៀង ទីប្រក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង គណៈគ្រប់គ្រងវគ្គរដ្ឋបាលកីឡា បានថ្លែង លើកឡើងថា វគ្គរដ្ឋបាលកីឡា គឺជាផ្នែកមួយដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិឈានទៅរកសក្កានុពល ព្រោះវគ្គនេះ គឺផ្តល់ជូនតែសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិតែប៉ុណ្ណោះ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ផែនការអភិវឌ្ឍនៅក្នុងសហព័ន្ធកីឡាជាតិចាំបាច់ណាស់ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីបច្ចេកទេសយល់ដឹងបានកាន់តែច្បាស់ផែនការដឹកនាំ ដើម្បីទម្រង់ទិសឱ្យសហព័ន្ធរបស់ខ្លួនក្លាយជាសហ័ន្ធមួយរីកម្រើននិងមានគុណភាព។
ការលើកឡើងរបស់ គណៈគ្រប់គ្រងវគ្គរូបនេះ បានធ្វើឡើង នៅក្នុងបទសម្ភាសន៍ ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ក្រោយបញ្ចប់ បទបង្ហាញថ្ងៃដំបូងនៃវគ្គរដ្ឋបាលកីឡា នាអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ឯម ហៀង បានពន្យល់ទៀតថា វគ្គសិក្សាសាមគ្គីអូឡាំពិក គឺជាគម្រោងឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ មានគោលដៅបណ្តុះបណ្តាលបង្កើនចំណេះដឹងថ្នាក់ដឹកនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសកីឡា ហើយនៅក្នុងការសិក្សាបានផ្តោតសំខាន់ទៅលើ៤ចំណុចធំៗមានដូចជា៖
១.វេជ្ជសាស្រ្តកីឡា ដើម្បីយល់ដឹងអំពីវិធីការពារនិងបង្កាគ្រោះថ្នាក់ពេលហ្វឹកហាត់និងប្រកួត ពិសេស គឺការយល់ដឹងពីការសង្រ្គោះបឋម។២. ការរៀបចំព្រឹត្តិការណ៍កីឡា ដើម្បីឱ្យអ្នករៀបចំយល់ដឹងលើការរៀបចំនិងយល់ដឹងនូវរូបមន្តប្រកួត។៣. សារធាតុដូពីងដែលជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា ដើម្បីយល់ដឹងរួចនាំយកទៅផ្សព្វផ្សាដល់កីឡាករកីឡាការិនី។៤. គុណធម៌ក្នុងវិស័យកីឡា ដែលជាមូលរដ្ឋានគ្រឹះនៅក្នុងចលនាកីឡាអូឡាំពិកកម្ពុជា មានដូចជា ការលេងនិងប្រកួតដោយយុត្តិធម៌ និងផែនការហ្វឹកហាត់សម្រាប់កីឡាករកម្រិតខ្ពស់។
គួរឱ្យដឹងដែរថា វគ្គរដ្ឋបាលកីឡាដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ ចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៥ ដែលមានសក្ខាកាមដែលថ្នាក់ដឹកនាំ និងជាមន្រ្តីបច្ចេកទេសក្នុងសហព័ន្ធកីឡាជាតិចូលរួមចំនួន ៥៧នាក់ ។ ទៀតសោធវគ្គនេះ បង្រៀនដោយអ្នកជំនាញកីឡាចំនួន ៦រូប មានដូចជា ឯកឧត្តមព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ប្រធានបទវេជ្ជសាស្រ្តកីឡា. លោក ព្រុំ វណ្ណរឿន ប្រធានបទ កម្ពុជាប្រឆាំងដូប៉ា.លោក ឯមហៀង ប្រធានបទរៀបចំព្រឹត្តិការណ៍ និងរូបមន្តប្រកួត. ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានបទ ចលនាអូឡាំពិក. ឯកឧត្តម ណយ ផាណា ប្រធានបទ ការកំណត់អត្តសញ្ញាណទេពកោលសល្យឬនិស្ស័យកីឡាករ ផែនការធ្វើដំណើររបស់គណៈប្រតិភូ. ឯកឧត្តម វ៉ាត់ ចំរើន ប្រធានបទ រចនាសម្ព័ន្ធវិស័យកីឡាជាតិ .ផែនការកម្មវិធីហ្វឹកហាត់.ភាពជាអ្នកដឹកនាំ . និងអត្ថប្រយោជន៍អប់រំកាយនិងកីឡា និងឥទ្ធិពលព្រឹត្តិការណ៍កីឡាក្នុងសង្គមជាតិ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ








