ក្រុមហ៊ុនអាកាសចរណ៍អាមេរិកផ្អាកការងារបុគ្គលិកណាដែលបង្ហោះវីដេអូឃាតកម្មលើលោក Charlie Kirk
វ៉ាស៊ីងតោន ៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ចំនួនបី រួមមាន Delta Air Lines , American Airlines និង United Airlines បាននិយាយថា ពួកគេបានផ្អាកការងារបុគ្គលិក ជាច្រើននាក់ ដែលបានបង្ហោះវីដេអូបាញ់ប្រហារលើសកម្មជនអាមេរិក លោក Charlie Kirk ចំកញ្ចឹងក ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម កាលពីសប្តាហ៍មុន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃទី១៥ ខែកញ្ញា។
នាយកប្រតិបត្តិ ក្រុមហ៊ុន Delta លោក Ed Bastian បានអះអាងថា ចំណាត់ការនេះ ធ្វើឡើង ផ្អែកតាមបទបញ្ជាផ្ទៃក្នុង ដែលចែងថា ការបង្ហោះវីដេអូបែបនេះ គឺផ្ទុយស្រឡះទៅនឹងតម្លៃរបស់យើង និងគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង ហើយបុគ្គលិកទាំងនេះ ត្រូវបានផ្អាក ដោយរង់ចាំការស៊ើបអង្កេត។ លោកអះអាងថា ក្រុមហ៊ុនបានរកឃើញ បុគ្គលិកមួយចំនួន ដែលមានមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ទាក់ទងនឹងការសម្លាប់មនុស្សជំនិត លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រូបនេះ។
ក្រុមហ៊ុនអាកាសចរណ៍ American Airlines វិញ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា បុគ្គលិកមួយចំនួន ដែលបានបង្ហោះ រូបភាពហឹង្សាបែបនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានផ្អាកការងារភ្លាមៗ ។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានអះអាងដែរថា «យើងបានច្បាស់លាស់ ជាមួយអតិថិជន និង និយោជិតរបស់យើងថា គ្មានការអត់ឱនចំពោះអំពើហឹង្សាដោយហេតុផលនយោបាយ ឬ ការប៉ុនប៉ងណាមួយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃ ទង្វើឃាតកម្មនេះ នោះទេ»។ ក្រុមហ៊ុន United Airlines ក៏បានផ្ញើសារទៅកាន់អាកាសយានិក រំលឹកពួកគេអំពីគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ក្រុមហ៊ុន ផងដែរ។
នេះគឺជាចំណាត់ចុងក្រោយបង្អស់ ក្នុងចំណោមការរបស់សាជីវកម្មនានាលើបុគ្គលិក បន្ទាប់ពីមានការដាក់សម្ពាធ ពីរដ្ឋបាល របស់លោក Trump ក្នុងការបណ្តេញ នូវបុគ្គលិករូបណា ដែលត្រូវបានគេចាប់បាន ថា បង្ហោះចែកចាយហាក់ចង់បង្ហាញពីការអបអរសាទរ ចំពោះការធ្វើឃាត។
រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Sean Duffy បានប្រកាស កាលពីថ្ងៃសៅរ៍ ថា អាកប្បកិរិយានេះគួរឱ្យស្អប់ខ្ពើម ហើយពួកគេគួរតែត្រូវបានបណ្តេញចេញ ជាពិសេស ក្រុមហ៊ុនណា ដែលទទួលខុសត្រូវ ចំពោះសុវត្ថិភាពសាធារណជន លើការធ្វើដំណើរ គឺ មិនអាចអត់ឱន ចំពោះទង្វើនោះ បានទេ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

