អង់គ្លេស-អាមេរិកគ្រោងចុះកិច្ចព្រមព្រៀងបច្ចេកវិទ្យា និងនុយក្លេអ៊ែរ ១០ពាន់លានដុល្លារ អំឡុងទស្សនកិច្ចលោកត្រាំ
ឡុងដ៍៖ ចក្រភពអង់គ្លេស និង អាមេរិកគ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេដ្ឋកិច្ច តម្លៃ១០ពាន់លានដុល្លារ នៅក្នុងគម្រោងបច្ចេកវិទ្យា និងនុយក្លេអ៊ែរ អំឡុងដំណើរទស្សនកិច្ច របស់លោក ត្រាំ នាសប្តាហ៍នេះ។
មន្ត្រីចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសទាំងពីរនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា លោក Trump នឹងត្រូវអមដំណើរ ដោយនាយកប្រតិបត្តិបច្ចេកវិទ្យាអាមេរិក សំខាន់ៗ នៅពេលដែលលោក ជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
មន្ត្រីអាមេរិកបានប្រាប់អ្នកយកព័ត៌មាន រួមទាំង AFP ថា «ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពីភាពជាដៃគូ ផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាថ្មី ដែលនឹងរួមបញ្ចូលទឹកប្រាក់ រាប់ពាន់លានដុល្លារ ក្នុងការវិនិយោគថ្មីៗ…»។
រដ្ឋាភិបាលអង់គ្លេស បាននិយាយថា ប្រទេសទាំងពីរ ក៏នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍គម្រោងថាមពលនុយក្លេអ៊ែរថ្មី ផងដែរ។
តាមរយៈកិច្ចសន្យានេះ នឹងមានការអនុម័តបទប្បញ្ញត្តិ កាន់តែលឿន និង កិច្ចព្រមព្រៀងវិនិយោគវិស័យឯកជន ថ្មីៗ ជាច្រើន សម្រាប់គម្រោងនុយក្លេអ៊ែរ ខណៈដែលចក្រភពអង់គ្លេស ខិតខំបំពេញ តាមរយៈការ បំភាយកាបូនសូន្យ និងគោលដៅសន្តិសុខថាមពល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត