លោក ត្រាំ ថា បានវាយប្រហារទូកគ្រឿងញៀនវេណេស៊ុយអេឡា ជាលើកទី២
វ៉ាស៊ីងតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសពីការវាយប្រហារ ជាលើកទី២ លើទូកដែលត្រូវបានចោទប្រកាន់ ថា ជាកម្មសិទ្ធិ របស់ពួកអ្នកជួញដូរគ្រឿងញៀន វេណេស៊ុយអេឡា។
វីដេអូមួយ ដែលត្រូវបានបង្ហោះ នៅលើគណនីសង្គម Truth Social លោក Donald Trump បានបង្ហាញពីការវាយប្រហារនេះ ដោយបានសម្លាប់ មនុស្ស ចំនួន៣នាក់ ដែលមេដឹកនាំអាមេរិក រូបនេះបានចោទថា ជា “ពួកភេរវករ”។
ប្រតិបត្តិការនេះ បានធ្វើឡើង ខណៈពេលដែលបុគ្គលទាំងនោះ ស្ថិតនៅក្នុង “ដែនទឹកអន្តរជាតិដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់” ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នេះជាអ្វីដែល លោក Trump បានអះអាង នៅលើបណ្តាញសង្គម Truth Social បន្ថែម។
គួររម្លឹកថា នៅក្នុងការវាយប្រហារលើកដំបូង បានធ្វើឡើង កាលពីថ្ងៃទី ២ ខែកញ្ញា ដោយពេលនោះ លោក Trump បាននិយាយថា មនុស្ស ១១នាក់ ត្រូវបានសម្លាប់ នៅលើទូកមួយផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ ដោយអ្នកជួញដូរគ្រឿងញៀន បង្កឱ្យមានការព្រួយបារម្ភ អំពីថា តើទីក្រុងវ៉ាស៊ីនតោន បានបំពានច្បាប់អន្តរជាតិ ដែរឬទេ។
គួរបញ្ជាក់ដែរថា ថ្មីៗនេះ អាមេរិកបានបញ្ជូនទាហាន រាប់រយនាក់ និង នាវាចម្បាំង ទៅកាន់តំបន់ជុំវិញ ប្រទេសស្ថិតនៅអាមេរិក ខាងត្បូង មួយនេះ ខណៈដែលលោក Trump ចោទថា មេដឹកនាំប្រទេសវេណេស៊ុយអេឡា នៅពីក្រោយ ក្រុមជួញដូរគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត