មន្ត្រីស៊ើបអង្កេត UN ថា អ៊ីស្រាអែលប្រល័យពូជសាសន៍ នៅហ្គាហ្សា
ហ្គាហ្សា ៖ ក្រុមមន្ត្រីស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា។
ក្រុមអ្នកស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” ក្នុងគោលបំណង “បំផ្លាញជនជាតិប៉ាឡេស្ទីន” នៅទីនោះ ហើយបានស្តីបន្ទោស នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមន្ត្រីកំពូលៗ ផ្សេងទៀត ពីបទញុះញង់។
លោកស្រី Navi Pillay ប្រធានគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ ហៅកាត់ COI របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់ហ្គាហ្សា មានប្រសាសន៍ថា “អំពើប្រល័យពូជសាសន៍ កំពុងកើតឡើង នៅហ្គាហ្សា ហើយ កំពុងបន្តកើតឡើង”។
មនុស្សជិត ៦៥,០០០ នាក់ត្រូវបានសម្លាប់ នៅហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាល ដែលអង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបាន។
ភាគច្រើននៃ ប្រជាពលរដ្ឋហ្គាហ្សា ត្រូវបានផ្លាស់ទីលំនៅ យ៉ាងហោចណាស់ ម្តង ជាមួយនឹងការផ្លាស់ទីលំនៅ ទ្រង់ទ្រាយធំ បន្ថែមទៀត កំពុងដំណើរការ ខណៈដែលអ៊ីស្រាអែល បង្កើនកិច្ចខិតខំប្រឹងប្រែង ដណ្តើមកាន់កាប់ទីក្រុង Gaza ជាកន្លែង ដែលអង្គការសហប្រជាជាតិ បានប្រកាសថា មានទុរ្ភិក្សពេញលេញ។
COI បានសន្និដ្ឋានថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក អាជ្ញាធរ និងកងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍ចំនួន៤ ក្នុងចំណោម ៥» ដែលបានចុះបញ្ជី នៅក្នុងអនុសញ្ញាប្រល័យពូជសាសន៍ ឆ្នាំ១៩៨៤ ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត