ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី​ ​

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥] – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ។ លោក Dat ធ្លាប់បម្រើការងារនៅប្រទេសកម្ពុជាក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ ដែលនៅពេលនោះលោកបានដើរតួនាទីដ៏សំខាន់ក្នុងការជួយក្រុមហ៊ុនអំឡុងពេលវិបត្តិកូវីដ១៩ និងធានាបាននូវកំណើន និងភាពរឹងមាំនៅផ្នែកហិរញ្ញវត្ថុ។

លោក Dat ឡើងកាន់ដំណែងជំនួសលោក Andy Hewson និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុនហ៊ិននីគែន។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោក Andy បានពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅប្រទេសកម្ពុជា  ដោយលោកបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផ្នែកនិរន្តរភាព និងការប្រកបអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ផ្នែកចក្រាវិស័យបរិស្ថាន កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងពង្រឹងសុវត្ថិភាពនៅកន្លែងធ្វើការ។

លោក Dat បានមានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសដែលបានចូលកាន់តួនាទីជាអគ្គនាយកនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងបន្តកសាងកេរ្តិ៍ដំណែលដ៏ឆ្នើមដែលបន្សល់ទុកដោយលោក Andy។ ទីផ្សារនៅប្រទេសកម្ពុជា ​គឺជាទីផ្សារដែលមានការរីកលូតលាស់ និងពោរពេញដោយសក្តានុពល។ ហើយខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារដែលមានទេពកោសល្យ និងពោរពេញទៅដោយការប្តេជ្ញាចិត្តមួយនេះ ក្នុងគោលបំណងនាំអាជីវកម្មរបស់យើងទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត។ ក្រុមហ៊ុនហ៊ិននីគែន បានប្រតិបត្តិការនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយក្រុមហ៊ុន នឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។”

ជាមួយនឹងបទពិសោធន៍ការងារជាងមួយទស្សវត្សជាមួយក្រុមហ៊ុនហ៊ិននីគែន ទាំងនៅទ្វីបអឺរ៉ុប និងអាស៊ី និងរួម​បញ្ចូលបទពិសោធន៍ការងារនៅប្រទេសកម្ពុជាផងនោះ លោក Dat នឹងនាំមកជាមួយនូវទស្សនវិស័យជាសកល និងការ​យល់​ដឹង​យ៉ាងជ្រាលជ្រៅ​អំពីទីផ្សារនៅប្រទេសកម្ពុជាក្នុងតួនាទីថ្មីមួយនេះ។ លោក គឺជាអ្នកដឹកនាំជនជាតិអាស៊ីជំនាន់ក្រោយ ដែលត្រូវបានគាំទ្រជាផ្នែកមួយនៃកម្មវិធីភាពជាអ្នកដឹកនាំសកលរបស់ក្រុមហ៊ុនហ៊ិននីគែន។    

មុនពេលត្រឡប់មកបម្រើការនៅទីក្រុងភ្នំពេញជាថ្មីម្ដងទៀត លោក Dat បម្រើការជាអគ្គនាយក​ ក្រុមហ៊ុនហ៊ិននីគែន ឡាវ។ នៅក្នុងតួនាទីនោះ លោកបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការប្រកបដោយជោគជ័យ។ ក្រោមការដឹកនាំរបស់លោក Dat ក្រុមហ៊ុនហ៊ិននីគែន ឡាវ បានក្លាយជាក្រុមហ៊ុន ដែលរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៤ និង ២០២៥ និងបានក្លាយជាទីផ្សារធំជាងគេទីបួននៅក្នុងតំបន់។ ជាងនេះទៅទៀត លោកក៏បានជួយឱ្យក្រុមហ៊ុនហ៊ិននីគែន ឡាវ បង្កើនចំណែកទីផ្សាររបស់ខ្លួនទ្វេដង និងសម្រេចបានកំណត់ត្រាការលក់ថ្មីមួយ។    

ក្នុងនាមជាអគ្គនាយក ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា​​​  អាទិភាពរបស់លោក Dat គឺបន្ដជំរុញការរីកចម្រើនតាមរយៈការធ្វើឱ្យអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ទទួលបានតែភាពរីករាយជាមួយផលិតផលស្រាបៀរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុនហ៊ិននីគែន។ លោកប្តេជ្ញាចិត្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអតិថិជន និងដៃគូអាជីវកម្ម ក៏ដូចជាចូលរួមចំណែកជាវិជ្ជមានដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា។  ជាមួយនឹងការប្តេជ្ញាចិត្តអភិវឌ្ឍន៍អ្នកដឹកនាំជនជាតិអាស៊ី លោក Dat មានគោលបំណងបំផុសគំនិតអ្នកដឹកនាំជំនាន់ក្រោយដែលជាជនជាតិខ្មែរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា  និង​នៅទីកន្លែងផ្សេងៗទៀត ដែលការធ្វើបែបនេះ បានចូលរួមពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ិននីគែន ក្នុងការជួយជំរុញភាពជាអ្នកដឹកនាំជនជាតិអាស៊ីនៅគ្រប់ទីតាំងប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគបរទេសដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ  ក្រុមហ៊ុនហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និង ព្រមទាំងសង្គម និងការពិសាប្រកបដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អ្នកនាង ហេង ហេឡែន

ប្រធានផ្នែកទំនាក់ទំនង និងផ្នែកនិរន្តរភាព

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

អ៊ីមែល៖ helen.heng@heineken.com

លេខទំនាក់ទំនង៖ ៨៥៥​ ៩៣​ ៦៦០ ៣០៥​​​

ដោយ ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner