អាមេរិកថា សង្គ្រាមហ្គាហ្សា មិនអាចខ្វះកាតាសម្របសម្រួល

ហ្ស៊េរុយសាឡិម ៖ អាមេរិកទទួលស្គាល់ថា កាតា ជាប្រទេសតែមួយគត់ ដែលអាចសម្រុះសម្រួលលើសង្គ្រាម នៅតំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ នៅថ្ងៃទី១៦ ខែកញ្ញានេះ ថា មានតែប្រទេស កាតាទេ ដែលមានសមត្ថភាពសម្រុះសម្រួល នៅតំបន់ហ្គាហ្សា បើទោះបីជាមានការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុមហាម៉ាស់ នៅក្នុងប្រទេសឈូងសមុទ្រ កាលពីមួយសប្តាហ៍មុន ក៏ដោយ។

លោក Rubio បានប្រាប់អ្នកយកព័ត៌មាន បែបនេះ នៅពេលលោកឡើងជិះយន្តហោះ ទៅកាន់ទីក្រុង Doha បន្ទាប់ពីបញ្ចប់បេសកកម្ម នៅអ៊ីស្រាអែល។

គួររម្លឹកថា កាលពីថ្ងៃអង្គារ សប្តាហ៍មុន អ៊ីស្រាអែល បានវាយប្រហារ លើប្រទេសកាតា សម្លាប់មនុស្ស៦នាក់ ដោយអះអាងថា តាមកំចាត់មេដឹកនាំក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធ ដែលអ៊ីស្រាលប្តេជ្ញាកម្ទេច ក្នុងតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះ គឺជាការទទួលខុសត្រូវ របស់អ៊ីស្រាអែល។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងដូហា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះ ដាក់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់ បានរៀបចំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០១២មក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner