រដ្ឋមន្រ្តីក្រសួងអប់រំជំរុញឱ្យលើកកម្ពស់គុណភាពការសិក្សា ជាមួយនឹង ទំនើបកម្ម កម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើប និងបច្ចេកវិទ្យាសិប្បនិម្មិត

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានជំរុញឱ្យបន្តជំរុញលើកកម្ពស់គុណភាពការសិក្សាធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើប និងបច្ចេកវិទ្យាសិប្បនិម្មិតបង្កើនសមត្ថភាពសាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូបំពាក់សម្ភារៈឧបករណ៍ចាំបាច់ដើម្បីអប់រំបណ្តុះបណ្តាលនិស្សិតឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា គូសបញ្ជាក់ថាក្រៅពីការធ្វើទំនើបកម្មទាំងនេះ និស្សិតក៏ត្រូវ បង្កើនការស្រាវជ្រាវផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ជួយគាំទ្រ និងផ្តល់ដំណោះស្រាយនៅក្នុងខ្សែច្រវាក់ផលិតកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបង្កើនឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សា។

ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងអប់រំក៏បាន ឱ្យនិស្សិតជ័យលាភីទាំងអស់ត្រូវបន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាព ដើម្បីប្រសិទ្ធភាពការងារ និងប្រាក់ចំណូលដើម្បីក្លាយជាពលរដ្ឋសកម្មក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ ជាតិមាតុភូមិកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកទឹកចិត្តដល់និស្សិតឱ្យមានការចូលរួមអភិវឌ្ឍក្នុងវិស័យកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច ដែលជាបរិបទថ្មីសំដៅប្រើប្រាស់ចំណេះជំនាញជួយដល់ប្រជាកសិករធានាបាននូវសន្តិសុខស្បៀង ទទួលបានប្រាក់ចំនេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

គួរបញ្ជាក់ថា និស្សិតជ័យលាភីសរុបចំនួន ១ ៤៨៧នាក់ និងត្រូវឡើងទទួលសញ្ញាបត្រចំនួន ៥កម្រិតផ្សេងៗគ្នាគឺ៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បសុវេជ្ជបណ្ឌិត និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសង្គមជាតិ៕

ដោយ៖ម៉ាដេប៉ូ
រូបភាព៖លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner