ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារអញ្ជើញ ដាក់បិណ្ឌនៅវត្តទួលអណ្តែត ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
(ខេត្តព្រះវិហារ )៖ ថ្ងៃនេះ ត្រូវនឹងវេនបិណ្ឌទី៩ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារបានមកធ្វើបុណ្យដាក់បិណ្ឌនៅវត្តទួលអណ្តែត ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងមកទីជិតឆ្ងាយ។
នាឱកាសនោះ ឯកឧត្តមបានក្រាបថ្វាយបង្គំ និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងការនឹករឭកពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋទាំងអស់នៅសមរភូមិក្រោយ ប្រគេនដល់ព្រះគ្រូចៅអធិការ ព្រះតេជគុណព្រះសង្ឃ គណៈកម្មការ ក៏ដូចជាលោកយាយលោកតា អ៊ុ ពូមីង បងប្អូន ចំណុះជើងវត្តទួលអណ្តែត។
ឯកឧត្តម និងក្រុមការងារទាំងអស់បានមូលមតិគ្នានាំយកទេយ្យទាន រួមមានចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ មកវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន និងជាពិសេសដល់វីរកងទ័ពជួរមុខរបស់យើង។
ឯកឧត្តមបានថ្លែងអំណរគុណជូនដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តព្រះវិហារ ក៏ដូចជាក្រុមគ្រួសារ ក្រុមបាល់ទាត់ទាំង៨ ដែលរួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានចូលរួមចាប់មគ្គផលក្នុងថ្ងៃបិណ្ឌទី៩នេះ ៕
ដោយ ជាវ ចន្ធូ








































