សារព័ត៌មានចិន China’s Daily ប្រមូលផ្តុំអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយសកល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ

គុនមីង ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយ ដើម្បីជំរុញកិច្ចសហការ និងការសន្ទនាអន្តរជាតិ សារព័ត៌មានចិន People’s Daily កំពុងរៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួនពីរក្នុងសប្តាហ៍នេះ រួមមានវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៥ ស្តីពីខ្សែក្រវ៉ាត់ និងផ្លូវ និងវេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ានបូកបី (10+3) លើកទី១១។

ពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៥ ស្តីពីខ្សែក្រវ៉ាត់ និងផ្លូវ បានប្រព្រឹត្តទៅពេញមួយថ្ងៃទី១៦ ខែកញ្ញា នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ក្រោមការដឹកនាំរបស់លោក Zheng Jianbang អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន ថ្នាក់ដឹកនាំខេត្ត Yunnan និងប្រធានសារព័ត៌មាន People’s Daily។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកចូលរួមប្រហែល ៥០០នាក់ រួមទាំងអ្នកជំនាញផ្នែកសារព័ត៌មាន អ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំធុរកិច្ច និងអ្នកជំនាញវិស័យអប់រំ ដែលក្នុងនោះមានប្រតិភូបរទេសប្រមាណ ២០០នាក់មកពី ៨៧ប្រទេស ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយចំនួន ៦ មកពីប្រទេសកម្ពុជាផងដែរ។

ឥឡូវនេះនៅក្នុងឆ្នាំទី ១១ របស់ខ្លួនហើយ វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ស្តីពីខ្សែក្រវ៉ាត់ និងផ្លូវ បានក្លាយជាវេទិកាសកលដ៏សំខាន់មួយសម្រាប់ការជំរុញកិច្ចសន្ទនាប្រព័ន្ធផ្សព្វផ្សាយ។

ប្រធានបទនៅឆ្នាំ២០២៥នេះ ការចែករំលែកទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងចំណោមអរិយធម៌ និងកិច្ចពិភាក្សាស្តីអំពីតួនាទីការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទិដ្ឋភាពពិភពលោកដ៏ស្មុគស្មាញមួយ។

កិច្ចប្រជុំនេះត្រូវបានកំណត់ដើម្បីដោះស្រាយប្រធានបទសំខាន់ៗ មានដូចជាឱកាស និងបញ្ហាប្រឈមដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត AI និងយុទ្ធសាស្ត្រសម្រាប់ពង្រឹងទំនាក់ទំនងក្នុងតំបន់ និងពិភពលោក។

កិច្ចពិភាក្សារបស់វេទិកានេះទៀតសោត នឹងផ្តោតលើការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស 10+3 ដោយសង្កត់ធ្ងន់ជាពិសេសលើការបណ្តុះមនសិការអាស៊ី ឬ “Asian Consciousness” និងការអនុវត្ត “ប្រាជ្ញាបូព៌ា” ឬ “Oriental Wisdom” ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងសកលលោក។

បនបន្ទាប់ពីបញ្ចប់វេទិកាដ៏សំខាន់នេះ អ្នក ចូល រួម នឹង ត្រូវ បាន អញ្ជើញ ឱ្យ ទៅ ទស្សនកិច្ច វិស័យប្រព័ន្ធ ផ្សព្វផ្សាយ រយៈពេល មួយ សប្តាហ៍ នៃ ខេត្ត Yunnan និងខេត្ត Guizhou។ ដំណើរទស្សនកិច្ចនេះដែរ នឹងផ្តល់បទពិសោធន៍ដោយផ្ទាល់ដល់អ្នកចូលរួម ពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់តំបន់នានា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងស្វាហាប់របស់តំបន់ទាំងនោះ។

ព្រឹត្តិការណ៍រួមគ្នានេះ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់សារព័ត៌មានចិន People’s Daily ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវិស័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងគាំទ្រកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ និងក្របខ័ណ្ឌអាស៊ានបូកបី (10+3)៕

អត្ថបទ និង រូបភាព ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner